កូរ៉េខាងជើងដកខ្លួនពីការិយាល័យទំនាក់ទំនងរួមជាមួយកូរ៉េខាងត្បូង ក្រោយអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន

(សេអ៊ូល)៖ កូរ៉េខាងជើងបានសម្រេចចិត្តដកខ្លួនចេញពីការិយាល័យទំនាក់ទំនងរួមនៅក្បែរតំបន់ព្រំដែនគ្មានយោធា (DMZ) ជាមួយកូរ៉េខាងត្បូងហើយ។ ការិយាល័យនេះគឺជានិមិត្តរូបដ៏សំខាន់នៃការខិតជិតគ្នារវាងប្រទេសជាបងប្អូនបង្កើតទាំង២ក្នុងការ ស្វែងរកសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
ការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនចិនចំនួន២ដែលមានជាប់ពាក់ព័ន្ធនឹងការជួយកូរ៉េខាងជើងឱ្យរួចផុតពីទណ្ឌកម្មអន្តរជាតិ។ ដាក់ទណ្ឌកម្មជាថ្មីពីសំណាក់ ទីក្រុងវ៉ាស៊ីនតោនទៀតសោត ត្រូវបានធ្វើឡើងក្រោយជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅវៀតណាមកាលពីចុងខែកុម្ភៈបរាជ័យដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។

ដោយឡែកក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ជាមួយការបង្ហាញការសោកស្ដាយនៅថ្ងៃសុក្រនេះដែរថាការ សម្រេចចិត្តរបស់កូរ៉េខាងជើងធ្វើឡើងតាមការណែនាំពីមន្ត្រីកំពូលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា៖ ការិយាល័យទំនាក់ទំនងរួមត្រូវបានបង្កើតឡើងក្រោយជំនួបកំពូលរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នៅឯតំបន់ព្រំដែនគ្មានយោធា (DMZ) កាលពីឆ្នាំ២០១៨ និងបន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម នៅប្រទេស សិង្ហបុរី៕
កូរ៉េខាងជើងដកខ្លួនពីការិយាល័យទំនាក់ទំនងរួមជាមួយកូរ៉េខាងត្បូង ក្រោយអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន កូរ៉េខាងជើងដកខ្លួនពីការិយាល័យទំនាក់ទំនងរួមជាមួយកូរ៉េខាងត្បូង ក្រោយអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន Reviewed by Laiheang Vobfm on 3/22/2019 Rating: 5
Powered by Blogger.