សម្តេចតេជោ ហ៊ុន សែន៖ សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» ដែលទទួលបាននៅថ្ងៃនេះ ជាមោទនភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា មោទនភាពរបស់សម្ដេច ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយ នៅថ្ងៃនេះ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ព្រោះការខិតខំរបស់សម្ដេចគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ក្នុងពិធីនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជាការពិតមោទនភាពដែលខ្ញុំមាននៅពេលនេះ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជា ពីព្រោះការខិតខំប្រឹងប្រែងរបស់ខ្ញុំ គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនជាទីស្រលាញ់របស់ខ្ញុំដែលតែងតែគាំទ្រ និងជឿជាក់លើរូបខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកន្លងមក»

ទន្ទឹមនេះ កិត្តិយសដែលសម្ដេចទទួលបាននេះ ក៏បានឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសកម្ពុជា-ថៃ តាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលកំពុងរីកធំធាត់ជាលំដាប់ ទាំងផ្នែក នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍន៍ធនធានមនុស្ស។
ក្នុងឱកាសនោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាសាកលវិទ្យាល័យ ពិសេសលោកបណ្ឌិត សាស្ដ្រាចារ្យ ក្រាស៊ែ ឆាណាវង្ស ប្រធានសាកលវិទ្យាល័យ គ្រើក ដែលបានធ្វើការស្រាវជ្រាវអំពីប្រវត្តិតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើនដែលសម្ដេចសម្រេចបាន ពិសេសការដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» ពិតជាមានអត្ថន័យសម្រាប់សម្តេច និងប្រជាជនកម្ពុជា។ កម្ពុជាទើបទទួលបានសុខសន្តិភាព ត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ ថ្ងៃបិទបញ្ចប់សង្គ្រាមចុងក្រោយ គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបិទបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូឈាម និងគ្មានការលូកដៃពីក្រៅ ជាការរួបរួមលើកដំបូងក្នុងជាតិខ្មែរ មិនធ្លាប់មានរយៈពេលប្រមាណ ៥០០ឆ្នាំ។
សម្ដេចសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាបានសាងសង់វិមានឈ្នះឈ្នះ ដែលមានអត្ថន័យប្រវត្តិសាស្ដ្រ គឺជាការបញ្ចប់សង្គ្រាមជាស្ថាពរ និងតំណាងឲ្យកម្ពុជាមានសុខសន្ដិភាព និងឈ្នះជានិច្ចនិរន្ដរ៍ ហើយបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណនា សម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ដ្រកម្ពុជា។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងទៀតថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញ នៅចុងឆ្នាំ១៩៩៧ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជិត២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើពិភពលោកដោយសម្រេចបានកំណើនជាមធ្យមជាង៧ភាគរយ ក្នុងមួយឆ្នាំ។
ដោយឡែក រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្ដូរពីប្រទេសដែលពឹងផ្នែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្នែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ទន្ទឹងនេះកម្ពុជានឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News
សម្តេចតេជោ ហ៊ុន សែន៖ សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» ដែលទទួលបាននៅថ្ងៃនេះ ជាមោទនភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន៖ សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» ដែលទទួលបាននៅថ្ងៃនេះ ជាមោទនភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស Reviewed by Laiheang Vobfm on 3/19/2019 Rating: 5
Powered by Blogger.