(បេកាំង)៖ ភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងកាលពីថ្ងៃទី៤ ខែមីនា បានឱ្យដឹងថា សភាជាតិក្នុងប្រទេសចិននឹងគាំទ្រច្បាប់ដែលអាចបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកដោយទប់ស្កាត់មន្ត្រីមិនឲ្យដាក់សម្ពាធលើក្រុមហ៊ុនបរទេសឲ្យផ្ទេរបច្ចេកវិទ្យា ។
វិធានស្តីពីការផ្ទេរបច្ចេកវិទ្យានេះគឺជាផ្នែកមួយនៃសេចក្តីព្រៀងច្បាប់ស្តីពីការវិនិយោគបរទេសដែលមានគោលដៅដោះស្រាយបណ្តឹងអាមេរិក អឺរ៉ុប និងដៃគូពាណិជ្ជកម្មដទៃទៀតថាប្រព័ន្ធក្នុងប្រទេសចិនមិនយុត្តិធម៌សម្រាប់ក្រុមហ៊ុនបរទេសឡើយ ។
ពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកដាក់ពន្ធលើផលិតផលចិនប្រមាណ ២៥០ប៊ីលានដុល្លារកាលពីខែកក្កដា លោកបានលើកឡើងពីបណ្តឹងថាប្រទេសចិនលួច ឬដាក់សម្ពាធលើក្រុមហ៊ុនឲ្យផ្ទេរបច្ចេកវិទ្យា ។ អឺរ៉ុប ជប៉ុន និងដៃគូពាណិជ្ជកម្មដទៃមិនគាំទ្រដល់កំណើនពន្ធនេះទេ តែយល់ស្របនឹងបណ្តឹងអាមេរិក ។
ប្រទេសចិនបានខិតខំកែទម្រង់យុទ្ធសាស្ត្ររបស់ខ្លួនដែលមន្ត្រីអាមេរិកគិតថាអាចដាក់សម្ពាធលើភាពនាំមុខបរស់អាមេរិកក្នុងវិស័យឧស្សាហកម្ម ។ ប៉ុន្តែអ្នកដឹកនាំក្នុងរដ្ឋាភិបាលចិនជួបនឹងសម្ពាធបន្ទាប់ពីការលូតលាស់សេដ្ឋកិច្ចមានការអន់ថយមកស្មើត្រឹម ៦.៦%ប៉ុណ្ណោះកាលពីឆ្នាំមុន ។
មន្ត្រីចិនបានបដិសេធនឹងបណ្តឹងថាប្រទេសចិនលួច ឬដាក់សម្ពាធដល់ក្រុមហ៊ុនឲ្យផ្ទេររឿងសម្ងាត់ពាណិជ្ជកម្មនិងបច្ចេកវិទ្យា ប៉ុន្តែពួកគេនៅតែព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយនឹងលោកប្រធានាធិបតីត្រាំ និងរដ្ឋាភិបាលដទៃដោយសន្យាថានឹងមានការការពារផ្នែកច្បាប់ប្រសើរជាងមុន ។
ក្រោមសេចក្តីព្រៀងច្បាប់ថ្មី មន្ត្រីចិនត្រូវបានហាមឃាត់មិនឲ្យប្រើមធ្យោបាយរដ្ឋបាលក្នុងការបង្ខំឲ្យមានការផ្ទេរបច្ចេកវិទ្យាឡើយ ។ លោក Tim Stranford ដែលជាប្រធានសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិនបាននិយាយថាវិធានការនេះគឺជាជំហានទៅមុខមួយ ប៉ុន្តែក្រុមអាជីវករបាននិយាយថាពួកគេនៅរងចាំមើលការអនុម័ត្តជាមុនសិន ៕
