(វ៉ាស៊ីនតោន)៖ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យកន្លងមកបានឱ្យយដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃសៅរ៍ កន្លងមកថា ប្រទេសកូរ៉េខាងជើងមិនមានអនាគតផ្នែកសេដ្ឋកិច្ចទេប្រសិនបើនៅមានអាវុធនុយក្លេអ៊ែរ ខណៈដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងថា នឹងបញ្ចប់ការហ្វឹកហាត់កងយោធាទ្រង់ទ្រាយធំ ។
លោកប្រធានាធិបតី ត្រាំ បាននិយាយក្នុងសន្និសីទមួយថា «ប្រទេសកូរ៉េខាងជើងមានអនាគតផ្នែកសេដ្ឋកិច្ចដ៏អស្ចារ្យ និងល្អប្រសិនបើពួកគេសម្រេចកិច្ចព្រមព្រផង ប៉ុន្តែពួកគេនឹងមិនមានអនាគតផ្នែកសេដ្ឋកិច្ចអ្វីឡើយប្រសិនបើពួកគេមានអាវុធនុយក្លេអ៊ែរ»។ លោកប្រធានាធិបតីរូបនេះបានបន្ថែមទៀតថា ទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើងគឺពិតជារឹងមាំណាស់ ។
យោងទៅតាមសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ប្រធានមន្ទីរការពារជាតិស្តីទីអាមេរិកគឺលោក Patrick Shanahan បានពិភាក្សាជាមួយនឹងភាគីខាងកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ ហើយពួកគេបានព្រមព្រៀងសម្របសម្រួលកម្មវិធីហ្វឹកហាត់កងយោធាផងដែរ ។
មន្ទីរការពារជាតិអាមេរិកបាននិយាយថា ភាគីទាំងពីរបានឱ្យដឹងច្បាស់ថាការសម្រេចចិត្តជាសម្ព័ន្ធមិត្តក្នុងការសម្របកម្មវិធីហ្វឹកហាត់យោធាបង្ហាញពីគោលបំណងរបស់ពួកយើងក្នុងការកម្ចាត់អាវុធនុយក្លេអ៊ែរទាំងស្រុងចេញពីឧបទ្វីបកូរ៉េ…។
ដើម្បីជំរុញឱ្យមានការចរចា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានផ្អាកការហ្វឹកហាត់កងយោធាជាច្រើនតាំងពីកិច្ចប្រជុំលើកទីមួយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងកាលពីឆ្នាំមុន ។ ប៉ុន្តែប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃអាទិត្យ កន្លងមកថាពួកគេនឹងមានការហ្វឹកហាត់កងយោធាវិញចាប់ពីថ្ងៃទី៤ ដល់១២ ខែមីនា ខាងមុខនេះ ៕
