(ប្រទេសស៊ីរី)៖ កាលពីថ្ងៃទី៣មីនាមានការវាយប្រហារខ្លាំងក្លាបំផុត លើសំបុកចុងក្រោយ របស់ក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី ជាប់ការឡោមព័ទ្ធរបស់កងកម្លាំងអារ៉ាប់-ឃើត ដែលធ្វើការវាយលុកទឹកផ្ដាច់ព្រ័ត លើភួមិមួយនាភាគខាងកើតស៊ីរី ជាជម្រកចុងក្រោយរបស់ពួកជីហាដ។
ការវាយលុកនេះមានការជួយទម្លាក់គ្រប់បែកយ៉ាងខ្លាំងក្លា របស់ក្រុមចម្រុះអន្តរជាតិប្រឆាំងពួកជីហាដ នាំមុខដោយសហរដ្ឋអាមេរិក ព្រមទាំងការបាញ់ស្រោចដោយកាំភ្លើងធំគ្រប់ប្រភេទ លើសំបុកចុងក្រោយ របស់ក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី ដែលការរំដោះទីតាំងនេះទាំងស្រុងពិតជាមិនយូរទៀតទេ។ ភូមិBAGHOUZមានផ្សែងខ្មៅហុយចេញទ្រលោម ដោយការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោង។ ពួកជីហាដបានលាក់ខ្លួនក្នុងរូងក្រោមដីនានាក្នុងតំបន់កាន់កាប់ចុងក្រោយរបស់ពួកគេនោះ ដែលកាន់តែរួមតូចទៅ។
ការទម្លាក់គ្រាប់បែករបស់ក្រុមចម្រុះ សំដៅជាពិសេសលើទីតាំងមួយរបស់ពួកជីហាដ ត្រូវចំឃ្លាំងមួយ ក្នុងចំណោមឃ្លាំងអាវុធរបស់ពួកនេះនៅក្រោមដី បណ្ដាលឲ្យមានការផ្ទុះយ៉ាងខ្លាំង។ ក្រោយការផ្អាករយៈពេលខ្លីមួយនាពេលយប់ ការប្រយុទ្ធដោយកាំភ្លើងធំនិងកាំភ្លើងត្បាល់ របស់កងកម្លាំងអារ៉ាប់-ឃើត បានប្រឆាំងនឹងមីស៊ីលតូចៗ ពួកអ្នកពួនបាញ់ប្រហារនិងបណ្ដាគ្រាប់មីនរបស់ពួកជីហាដ បានប្រព្រឹត្តទៅតាំងពីព្រឹកព្រហាមថ្ងៃទី៣មីនា។
ប៉ុន្ទែពួកជីហាដនៅតែក្រាញទប់ទល់ ដោយពួកគេត្រៀមទុកស្រេចទប់់ការវាយលុក។ បណ្ដាមេបញ្ជាការរបស់កងកម្លាំងអារ៉ាប់-ឃើតនិយាយថា ពួកនោះបានដាក់រាយគ្រាប់មីនគ្រប់កន្លែងតាមផ្លូវនិងកុ្នងផ្ទះទាំងឡាយ បណ្ដាលឲ្យយុទ្ធជនច្រើននាក់របស់កងកម្លាំងពួកគេរងរបួសធ្ងន់ នាបណ្ដាថ្ងៃដំបូងនៃការវាយលុក។
ពួកជីហាដក៏រៀបចំដែរបណ្ដារថយន្តផ្ទុកគ្រឿងផ្ទុះ តែពួកគេមិនអាចប្រើបាន ដោយសារត្រូវកម្ទេចទាន់់ពេល តាមរយៈការវាយប្រហាររបស់ដ្រូន។ ដោយសារពួកជីហាដស្ថិតក្នុងបណ្ដារូងក្រោមដីដែលពួកគេជីក ទើបគេពុំអាចដឹងបានថាតើយុទ្ធជនក្រុមរដ្ឋអ៊ិស្លាមនៅសល់ប៉ុន្មាននាក់ ក្នុងទីតាំងចុងក្រោយរបស់ពួកគេនោះ៕