រាជធានីភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកមាន់មួយគ្រឿង ខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូផ្ទប់នឹងរថយន្តកុងតឺន័រដែលឈប់រង់ចាំភ្លើងស្តុបពីក្រោយពេញទំហឹង បណ្តាលអោយមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់ និងស្លាប់ម្នាក់នៅកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ចំនុចស្តុបសេះមាស ផ្លូវវ៉េងស្រេង កែងនឹងផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ដូច សន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិត្រពាំង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំនែកអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់មិនបានអោយដឹងឈ្មោះឡើយ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងកុងតឺន័រម៉ាក DAWOO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A- 1968 បើកមកឈប់រង់ចាំភ្លើងស្តុបស្របទិសគ្នាជាមួយ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក់លេខ ស្វាយរៀង 1M- 8023 ដែលជិះដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ខណៈដែលម៉ូតូ និងរថយន្តកំពុងតែឈប់រង់ចាំភ្លើងស្តុបក៏ស្រាប់តែមានរថយន្តដឹកមាន់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK – 4133 ជិះគ្នា៤នាក់ រូមទាំងអ្នកបើកបរបានបើកមកក្នុងទិសដៅស្របគ្នាទាំងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកពីក្រោយម៉ូតូផ្ទប់នឹងរថយន្តកុងតឺន័រដែលឈប់រង់ចាំភ្លើងស្តុប យ៉ាងពេញទំហឹង បណ្តាលអោយរថយន្តខ្ទេចផ្នែកខាងមុខកៀបជាប់ និងកន្ទុយក្រោយរថយន្តកុងតឺន័រ បណ្តាលអោយបុរសជាអ្នកបើករថយន្តដឹកមាន់កៀបជាប់ស្លាប់នៅក្នុងរថយន្ត រីឯអ្នករួមដំណើរ៤នាក់ រងរបួសធ្ងន់២ ស្រាល២ រីឯអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ចំនែកខាងម៉ូតូក៏រងរបួសស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដូចគ្នា ។
ដោយឡែកអ្នកបើករថយន្តកុងតឺន័រវិញបានបើកប្រហែល៥០ម៉ែត្រក៏ឈប់រថយន្ត ហើយរត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុឃើញសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុ រួចហើយធ្វើលិខិតប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពង់ស្ពឺ ។ ចំនែករថយន្ត២គ្រឿងព្រមទាំងម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចជំនាញ់វាស់វែងយកទៅរក្សានៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕