ប្រធានាធិបតីកូរ៉េខាងត្បូង ជូនពរឱ្យជំនួបកំពូលលើកទីពីរ ត្រាំ-គីម ដំណើរការទៅដោយជោគជ័យ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីកូរ៉េខាងត្បូង ជូនពរឱ្យជំនួបកំពូលលើកទីពីរ ត្រាំ-គីម ដំណើរការទៅដោយជោគជ័យ!

25/02/2019
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាថ្ងៃចន្ទនេះ បានផ្ញើសារជូនពរឱ្យ​កិច្ចប្រជុំកំពូល​លើកទីពីរ រវាង​ប្រមុខដឹកនាំកូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់​​ ត្រាំ ប្រព្រឹត្តទៅដោយទទួលជោគជ័យ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House ថ្លែងក្នុងអំឡុងកិច្ចប្រជុំជាមួយបណ្តាមន្រ្តីជាន់ខ្ពស់​របស់លោក លោក មូន បាននិយាយ​យ៉ាងដូច្នេះថា «ជាការសម្តែងនូវការគាំទ្ររបស់យើងដល់មេដឹកនាំទាំងពីរ ពួកយើងជូនពរឲ្យ​កិច្ចប្រជុំកំពូលនាសប្តាហ៍នេះ ទទួលបានជោគ​​ជ័យ»។ នាឱកាសនោះ លោក មូន បានសរសើរលោក ត្រាំ សម្រាប់កិច្ចប្រឹងប្រែងផ្នែកការទូត​របស់លោក ដែលសំដៅស្វែងរក​សុខសន្តិ​ភាព​នៅឧបទ្វីបកូរ៉េ និងសាទរលោក គីម សម្រាប់ការប្តេជ្ញារបស់លោក ក្នុងការដឹកនាំកូរ៉េខាងជើងឆ្ពោះទៅរកអនាគតភ្លឺស្វាងមួយ។
លោកប្រធានាធិបតីកូរ៉េខាងត្បូងបានបន្តថា «ភាពជោគជ័យនៃកិច្ចប្រជុំកំពូល គីម-ត្រាំ នឹងដើរតួនាទីជាឱកាសដ៏សំខាន់មួយ ដើម្បីឆ្ពោះ​ទៅ​រកការដោះស្រាយ​ការគំរាមកំហែងនៃសង្រ្គាម និងបញ្ហាផ្នែកសន្តិសុខឯទៀតៗ​នៅក្នុងតំបន់ឧបទ្វីបកូរ៉េ ព្រមទាំងអាចឲ្យយើងបោះជំហាន​ទៅរកយុគសម័យ​នៃសេដ្ឋកិច្ចជឿនលឿនដែលរុញច្រានដោយសន្តិភាព»។

គួរបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលលើកទីពីររវាង លោក ត្រាំ និង លោក គីម នឹងត្រូវរៀបចំឡើងពីថ្ងៃទី២៧ដល់ទី២៨ ខែកុម្ភៈនេះ នៅឯទីក្រុង​ហាណូយ ដែលកំពុងស្ថិតក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងរឹងមាំ ខណៈមេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងទៅដល់រដ្ឋធានីនៃប្រទេស​​វៀតណាមនៅថ្ងៃអង្គារ៕