ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ សម្តេចតេជោ ហ៊ុន សែន លះបង់គ្រប់បែបយ៉ាង ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនពិការ នៅទូទាំងប្រទេស! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ សម្តេចតេជោ ហ៊ុន សែន លះបង់គ្រប់បែបយ៉ាង ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនពិការ នៅទូទាំងប្រទេស!

24/02/2019
(ភ្នំពេញ)៖ ថ្លែងនៅមុខសិស្សានុសិស្សជាមានពិការភាពជាងមួយរយនាក់ នៅខេត្តកំពង់ចាម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានខិតខំលះបង់គ្រប់បែបយ៉ាង ទាំងធនធានផ្ទាល់ខ្លួនរាប់លានដុល្លារ ដើម្បីធ្វើយ៉ាងណាជួយសម្រាលទុក្ខលំបាក របស់ពលរដ្ឋខ្មែរដែលមានពិការភាព នៅទូទាំងប្រទេសកម្ពុជា។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងកាសដែលឧបនាយករដ្ឋមន្ត្រី និងលោកស្រី អមដំណើរដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បាននាំយកនូវមូលនិធិ ហោ ណាំហុង-បូរី ហោ ផ្ដល់ជូនដល់វិទ្យាល័យអប់រំពិសេស នៅខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភកុមារពិការ និងគ ថ្លង់ ចំនួន១៦៥នាក់ ដែល មានទឹកប្រាក់ចំនួន៤៨០លានរៀល ស្មើនឹង១២ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
អតីតប្រមុខការទូតជើងចាស់កម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះ៖ «មូលនិធិនេះ ក៏ជាការរួមចំណែកខិតខំរបស់រាជរដ្ឋាភិបាលយើង ជាពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានសម្តេចទាំងពីរ បានជួយច្រើនណាស់ជនពិការយើង នៅខាងខេត្តកំពង់ស្ពឺមានមន្ទីរមួយ សម្តេចបានចំណាយធនធានផ្ទាល់ខ្លួន ច្រើនណាស់រាប់លានដុល្លារ សង់ផ្ទះចែកដីឱ្យ»។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ហោ​ ណាហុង បានបន្តថា ដោយសារតែកិច្ចខិតខំប្រឹងប្រឹងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានេះហើយ ទើបជនពិការស្ទើរទូទាំងប្រទេស មានផ្ទះសម្បែងស្នាក់នៅសមរម្យ មានដីសម្រាប់បង្កបង្កើនផលសម្រាប់ចិញ្ចឹមក្រុមគ្រួសារផងដែរ។ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន ធ្វើការគ្រប់បែបយ៉ាងដើម្បីលើកស្ទួយកម្រិតជីវភាពជនពិការ ព្រមទាំងអតីតយុទ្ធជនដែលបានពិការការសម្បទា ដោយសារតែកិច្ចការពារជាតិមាតុភូមិផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីការឧបត្ថម្ភថ្ងៃនេះ មូលនិធិ ហោ ណាំហុង- បូរីហោ នឹងខិតខំរកមធ្យោបាយបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីជួយឧបត្ថម្ភកុមារពិការ ឬជនពិការនៅកន្លែងផ្សេងៗ ទៀត ហើយមូលនិធិនេះ គឺជាការរួមចំណែកតិចតួច ក្នុងវិស័យសង្គមកិច្ច របស់រាជរដ្ឋាភិបាល ពិសេសការផ្តល់ជំនួយ ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការ និងកុមារពិការនៅទូទាំងប្រទេសផងដែរ៕

ប្រភព៖ Fresh News