(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការណ៍ដែលសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែងអាវុធ (EBA) ពីកម្ពុជានោះ គឺប្រៀបបីដូចជា សម្លាប់គណបក្សប្រឆាំងដូច្នោះដែរ។ ជាមួយគ្នានេះ សម្តេចតេជោ បានអះអាងដែរថា សម្តេចកំពុងរង់ចាំមើលមុខ អ្នកដែលចង់ឱ្យកម្ពុជាស្លាប់ដោយសារការដក EBA គ្រាដែលកម្ពុជាមិនស្លាប់ដូចបំណងរបស់ពួកគេ។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសបិទ សន្និបាតបូកសរុបការងារឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការដក EBA មានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង ខ្ញុំមិនចង់និយាយ ច្រើនទេ ហើយរឿងនេះ ខ្ញុំបានណែនាំផ្ទៃក្នុង រួចទៅហើយ»។
សហភាពអឺរ៉ុប បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា។ សហភាពអឺរ៉ុប បានចោទប្រកាន់លើ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគោរពសិទ្ធិមនុស្ស សិទ្ធិសហជីព និងលទ្ធិប្រជាធិបតេយ្យជាដើម ខណៈដែលការដក EBA នឹងចាប់ផ្តើមអនុវត្តជាធរមាន នៅរយៈពេល១៨ខែក្រោយ។
សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំកំពុងចាំមើលមុខ អាខ្មោចដែលវាស្លាប់ទៅហើយ វានឹងរស់ឡើងវិញដើម្បីទទួលបានប្រាក់ខែ តើទឹកមុខវារបៀបណា? នៅពេលដែលវាចង់សម្លាប់យើង តែយើងមិនស្លាប់។ នេះមិនមែនជាការផ្ចាញ់ផ្ចាល់មួយទេ តែវាជារឿងជាក់ស្ដែងមួយ ដែលអ្នកត្រូវយល់»។
សម្តេចបានបន្តទៀតថា៖ «ខ្ញុំគ្មានការចាំបាច់ត្រូវឆ្លើយតបជាមួយអ្នកណាទាំងអស់ ក៏ប៉ុន្ដែខ្ញុំមានភារកិច្ចដើម្បីពន្យល់ ប្រជាពលរដ្ឋ១៦លាននាក់ ដែលនៅក្នុងប្រទេសកម្ពុជាថា កម្ពុជាមិនស្លាប់ ដោយសារតែអត់ភាពអនុគ្រោះ EBA តែក៏មិនអាចធ្វើអ្នកមាន ដោយសារតែភាពអនុគ្រោះ EBA ដែរ»៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News
