(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរជាថ្មីម្តងទៀតថា ទោះក្នុងស្ថិតនៅក្នុងតម្លៃណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យយកអធិបតេយ្យ និងឯករាជ្យជាតិរបស់ខ្លួន ទៅប្តូរនឹងជំនួយ ឬបញ្ហាណាមួយនោះឡើយ។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសបិទ សន្និបាតបូកសរុបការងារឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់បកស្រាយអំពីលទ្ធភាព ក្នុងការទប់ទល់ជាមួយនឹងការដក ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើលែងតែអាវុធ (EBA) ដែលការដកប្រព័ន្ធអនុគ្រោះពន្ធនេះ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះឡើយ។
សម្តេចបានបញ្ចាក់ថា «ទោះមាន ឬគ្មាន EBA ក៏វាមិនធ្វើឱ្យយើងស្លាប់ ហើយវាក៏មិនធ្វើឱ្យយើងក្លាយជាអ្នកមានបានដែរ បញ្ហារកស៊ីបង់ពន្ធឱ្យគេ គេបង់ពន្ធឱ្យយើង គឺជារឿងស្មើភាពសមហេតុសមផល ដែលយើងមិនចង់ឱ្យនរណាប្រើប្រាស់នូវភាពអនុគ្រោះ ហើយបែរជាមកបង្វិលក្បាលយើង តាមចិត្តចង់នោះទេ»។
ទន្ទឹមនឹងការលើកឡើងបែបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រញាប់បញ្ជាក់ជំហរជាថ្មីម្តងទៀតថា៖ «ខ្ញុំបានបញ្ជាក់តាំងពីដើមទីមកថា មិនអាចយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយអ្នកណាទាំងអស់ ដូច្នេះហើយបានជាយើងត្រូវខិតខំ ហើយខ្ញុំសូមបញ្ជាក់ថា EBA នេះយូរ ឬឆាប់វាគង់តែបាត់ទេ នៅពេលណាដែលសេដ្ឋកិច្ច របស់យើងដើរដល់ដំណាក់កាលមួយ ពេលនោះវានឹងបាត់ដោយស្វ័យប្រវត្តិ»។
សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ គណៈកម្មការសហភាពអឺរ៉ុប បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន ចំពោះប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»ពីប្រទេសកម្ពុជា ដោយបានចោទប្រកាន់លើ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគោរពសិទ្ធិមនុស្ស សិទ្ធិសហជីព និងលទ្ធិប្រជាធិបតេយ្យជាដើម។ ការចូលជាធរមាន នៃការដក EBA នឹងមាន រយៈពេល១៨ខែ ពេលគឺ EBA នេះអាចដកចេញពីកម្ពុជា នៅក្នុងឆ្នាំ២០២០៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News