(ការ៉ាកាស់)៖ លោក ជូអាន ហ្គៃដូ (Juan Guaidó) ដែលទើបតែតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី បានអំពាវនាវឱ្យប្រជាជនវេស៊ុយអេឡា ទាំងអស់ចូលរួមធ្វើបាតុកម្មសាជាថ្មីនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅក្នុងតំបន់) ខណៈលោកកំពុងព្យាយាមអូសទាញយោធា ឱ្យងើបឡើងទម្លាក់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច។ នេះបើតាមការចេញផ្សាយសារព័ត៌មាន News Week នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
លោក Juan Guaidó ដែលកំពុងទទួលការគាំទ្រពេញទំហឹងពីសហរដ្ឋអាមេរិក និងលោកខាងលិច បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី បន្ទាប់ពីលោក ម៉ាឌូរ៉ូ ឡើងស្បថកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី១០ ខែមករា។ ប៉ុន្តែប្រទេសមួយចំនួនជាពិសេសគឺចិន និងរុស្ស៊ី រួមទាំងយោធាវេណេស៊ុយអេឡា បានបង្ហាញគាំទ្រយ៉ាងខ្លាំងដល់លោក ម៉ាឌូរ៉ូ និងចាត់ទុកលោក Guaidó ជាប្រធានាធិបតីខុសច្បាប់។
តែយ៉ាងណាក៏ដោយ មេដឹកបក្សប្រឆាំងរូបនេះនៅតែប្ដេជ្ញាចិត្តថា នឹងអូសទាញការគាំទ្រពីយោធាតាមរយៈការប្រកាសលើកលែងទោសដល់មន្ត្រីស៊ីវិល ឬយោធាដែលផ្ដាច់ខ្លួនចេញពីរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ មិនតែប៉ុណ្ណោះលោកក៏បាន បញ្ជាក់ដែរថា ដើម្បីសម្រេចគោលដៅនេះ ប្រជាជនវេណេស៊ុយអេឡាគួរតែរួមគ្នាឡើង ដើម្បីធ្វើបាតុកម្មតវ៉ារហូតដល់យោធាទន់ចិត្ត និងប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញ។
ប្រភព៖ Fresh News
