បរទេស៖ ទីបំផុតចិនបានសម្រេចជួយដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺចំនួន៤ពាន់លានយ័ន ស្មើនឹង៦០០លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ជំនួយឥតសំណងនេះ ផ្តើមចេញពីជំនួបរវាងសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីរសៀលថ្ងៃទី២១ មករាម្សិលមិញ នៅក្នុងអំឡុងទស្សនកិច្ចរបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល៤ថ្ងៃ នៅប្រទេសចិន។
ជំនួយរបស់ចិនពេលនេះ បើទោះជានៅមិនទាន់មានការបញ្ជាក់លម្អិតបញ្ជាក់លម្អិតពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ថានឹងផ្តោតទៅលើវិស័យណាខ្លះនៅឡើយនោះ ក៏ប៉ុន្តែកាលពីថ្ងៃអាទិត្យ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នៅចំពោះមុខក្រុមនិស្សិតខ្មែរជិត៥០០នាក់ ដែលកំពុងសិក្សានៅក្នុង ប្រទេសចិន បានថ្លែងថា ការជួយរបស់ចិន គឺដើម្បីភាពរីកចម្រើនខាងសេដ្ឋកិច្ច និង ដើម្បីពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជាបញ្ចៀសពីការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាពីសំណាក់បរទេសមួយចំនួន ដែលមានមហិច្ឆតាផ្តួលរំលំលើគ្រប់រូបភាព។
តាមរយៈហ្វេសប៊ុក របស់របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ លោកប្រធានាធិបតីចិន
ស៊ី ជិនពីង បានចាត់ទុកទំនាក់ទំនងរវាងចិន និងកម្ពុជា គឺជាទំនាក់ទំនងពិសេសជាខ្លាំង និងសំខាន់បំផុត បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត។ កម្ពុជា និងចិន នឹងបន្តរួមគ្នាជាសហគមន៍ ដើម្បីរៀបចំផែនការធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជន និងប្រជាជន។ នេះបើតាមហ្វេសប៊ុក សម្តេច ហ៊ុន សែន។
ជាមួយគ្នានេះ ប្រទេសចិន តាមរយៈលោក ស៊ី ជីនពីង ក៏បានបន្តទិញអង្ករពីកម្ពុជា នៅក្នុងកំរិត៤០ម៉ឺនតោន និងខិតខំជម្រុញទំហំពាណិជ្ជកម្មចិន-កម្ពុជា ឲ្យកើនដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ដោយរួមទាំងការបន្តលើកទឹកចិត្តអ្នកវិនិយោគទុនចិន ទៅធ្វើការវិនិយោគ នៅប្រទេសកម្ពុជាផងដែរ។
លើសពីនេះ លោកស៊ី បានថ្លែងដែរថា បច្ចុប្បន្ន ទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត៕ (ប្រភពពីវិទ្យុបារាំង)