លោក ង្វៀន ស៊ុនហ្វ៊ុក បន្តថា ជ័យជម្នះ ថ្ងៃ៧មករា១៩៧៩ បានលុបបំបាត់របបប្រល័យពូជសាសន៍ ហើយបានបើកនូវសករាជថ្មីនៃការអភិវឌ្ឍ, ឯករាជ្យ, សេរីភាព, សន្តិភាព និងវិបុលភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល។ លោកនាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ថា ការផ្តន្ទាទោសមេដឹកនាំខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ បាននាំមកនូវយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានសម្លាប់នៅក្នុងរបបខ្មែរក្រហម។
ខួប៤០ឆ្នាំនៃថ្ងៃជ័យជម្នះលើរបបខ្មែរក្រហម ដែលបានធ្វើឡើងនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែមករា សុទ្ធតែមានវត្តមាន មេដឹកនាំវៀតណាមសំខាន់ៗ ដូចជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម, ប្រធានាធិបតីវៀតណាម លោក ង្វៀន ពូទ្រុង, អតីតអគ្គលេខាធិការបក្ស, លោក នាយករដ្ឋមន្ត្រីវៀតណាម, រួមទាំងវត្តមានមន្ត្រីពីកម្ពុជាផងដែរ។
សារព័ត៌មានវៀតណាមដដែល ក៏បានដកស្រង់ការលើកឡើងរបស់លោក ទេព ងន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាថា ការជួយជ្រោមជ្រែងរបស់វៀតណាមបានធ្វើឲ្យកម្ពុជារួចផុតពីសង្រ្គាម និងបោះជំហានទៅកាន់ការអភិវឌ្ឍលើគ្រប់វិស័យ។ លោក ទេព ងន បានថ្លែងអំណរគុណវៀតណាមផងដែរ ដែលបានជួយកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។