អាមេរិ៖ សេចក្តីសម្រេចរបស់លោកដូណាល់ ត្រាំ ចង់កាត់បន្ថយចំនួនកងទ័ពអាមេរិកពាក់កណ្តាលពីអាហ្វហ្កានីស្ថាន មុននឹងការចរចាសន្តិភាពលេចជារូបរាង បានមករំលាយក្តីសង្ឃឹមរបស់អាហ្វហ្កានីស្ថានមួយភាគធំ។ សេតវិមានមិនទាន់បញ្ជាក់ជាផ្លូវការអំពីសេចក្តីសម្រេចចិត្តនេះទេ តែគេអាចចាត់ទុកថាជាដំណឹងអាក្រក់មួយបន្ថែមស្ថានភាពដុនដាបស្រាប់។ បើតាមទិន្នន័យរបស់អង្គការអាមេរិកArmed Conflict Location និង Event Data Project ចំនួនមនុស្សស្លាប់នៅអាហ្វហ្កានីស្ថាន បានឡើងដល់ជាង៤ម៉ឺននាក់ នៅឆ្នាំ២០១៨ ពោលគឺជិតស្មើនឹងចំនួនមរណភាពជនស៊ីវិលនៅស៊ីរី និងយេម៉ែនបូកបញ្ចូលគ្នាទៀត។
ពលរដ្ឋអាហ្វហ្កានីស្ថានកាន់តែច្រើនឡើង គ្មានសុទិដ្ឋនិយមនឹងឃើញប្រទេសរកសន្តិភាពទេ ! បើតាមការសិក្សារបស់អង្គការAsia Foundation ពលរដ្ឋមួយភាគធំ (៦០%) យល់ថា ស្ថានភាពប្រទេសអាក្រក់ទៅៗ ហើយជឿថា នៅឆ្នាំ២០១៩ខាងមុខ អាហ្វហ្កានីស្ថាននឹងស្គាល់គ្រោះភ័យ ការបង្ហូរឈាមនិងស្លាប់មនុស្សច្រើនជាង ឆ្នាំ២០១៨ដែលតាំងពីដើមឆមាសដំបូង ចំនួនជនរងគ្រោះបាត់បង់ជីវិតបានឡើងដល់កំរិតកំពូល។
នៅឆ្នាំ២០១៩ អាហ្វហ្កានីស្ថាន ត្រូវរៀបចំបោះឆ្នោតប្រធានាធិបតី ដែលគ្រោងប្រព្រឹត្តទៅថ្ងៃទី ២០ មេសា តែទើបត្រូវបានប្រកាសលើកពេលទៅថ្ងៃទី ២០ខែកក្កដាវិញ។ ការបោះឆ្នោតនេះអាចនឹងរុញច្រានប្រទេសឱ្យធ្លាក់ក្នុងរលកហិង្សាមួយកំរិតទៀត ដូចអ្វីដែលគេធ្លាប់បានឃើញក្នុងសម័យបើឆ្នោតសភាកាលពីតែតុលាមុន។
ចំណែកឯការចរចាស្វែងរកសន្តិភាពវិញ នៅពុំទាន់មានកោះត្រើយទេ។ ថ្វីបើ នៅឆ្នាំ២០១៨ តំណាងតាលីបង់ បានជួបអន្តរការីអាមេរិក បីដងនិងដងចុងក្រោយនៅថ្ងៃទី ១៧ធ្នូ នៅប្រទេសអេមីរ៉ាតអារ៉ាបរួម ហើយគ្រោងនឹងមានជំនួបសាជាថ្មីទៀត នៅខែមករាខាងមុខ នៅប្រទេសអាប៊ីសាអូឌីតមែន ប៉ុន្តែតាលីបង់បដិសេធដាច់ខាតនៅថ្ងៃអាទិត្យនេះ ថានឹងមិនជួបចរចាជាមួយជាតំណាងរដ្ឋាភិបាលឡើយ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)