សម្តេចក្រឡាហោម ស ខេង៖ បើគាត់មិនសុំ យើងទៅលើកលែងឱ្យអត់ន័យ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចក្រឡាហោម ស ខេង៖ បើគាត់មិនសុំ យើងទៅលើកលែងឱ្យអត់ន័យ!

27/12/2018
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កំពុងរង់ចាំសេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៥ថ្មី (ស្ទួន) ចូលជាធរមាន។ ជាមួយគ្នានេះ សម្តេចបានបង្ហើបថា ជនដល់ចង់បានសិទ្ធិធ្វើនយោបាយឡើងវិញត្រូវតែធ្វើសំណើសុំសិទ្ធិនេះ ហើយបើពួកគេមិនធ្វើនោះទេ នោះក្រសួងក៏មិនរៀបចំឈ្មោះឱ្យនោះដែរ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់សិក្ខាសាលា ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ។

សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «អ្នកដែលចង់វិលមករកធ្វើនយោបាយវិញ លើកបម្រាម គឺពួកគាត់ត្រូវដាក់ពាក្យ ឥឡូវច្បាប់ហ្នឹងមិនទាន់ចូលជាធរមានទេ ដូច្នេះខ្ញុំមិនអាចថាយ៉ាងម៉េចបានទេ ប៉ុន្តែក្នុងសេចក្តីស្នើច្បាប់ហ្នឹងបញ្ជាក់ហើយថា គាត់ត្រូវដាក់ពាក្យ បើគាត់មិនសុំយើងទៅលើកលែងអាហ្នឹងអត់ន័យ»

សូមបញ្ជាក់ថា៖ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញនោះ បានត្រូវបានព្រឹទ្ធសភាកម្ពុជា ឯកភាពទាំងស្រុង នៅក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីស្នើច្បាប់នេះ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឱ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»
លោក គង់ គាំ និង លោក គង់ បូរ៉ា ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ជាមួយនឹងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១១៨នាក់ បានប្រកាសធ្វើសំណើសុំទទួលយកសិទ្ធិធ្វើនយោបាយនេះមុនគេបង្អស់។ ខណៈដែលបុគ្គលមួយចំនួនទៀតស្និទ្ធនឹងលោកកឹម សុខា មិនទាន់បង្ហាញជំហររបស់ខ្លួននៅឡើយទេ តែបុគ្គលដែលស្និទ្ធនឹងលោក សម រង្ស៉ី បានប្រកាសមិនទទួលយកសិទ្ធិធ្វើនយោបាយនេះ៕