ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឲ្យពលរដ្ឋវៀតណាមជិត៨០០គ្រួសារ បន្តស្នាក់នៅបណ្ដោះអាសន្ននៅលើផ្ទៃបឹងទន្លេសាបរហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩។ បើតាមអាជ្ញាធរ ការអនុញ្ញាតនេះធ្វើឡើងតែសម្រាប់ពលរដ្ឋដែលមានកន្លែងចិញ្ចឹមត្រីលើបឹងទន្លេសាបប៉ុណ្ណោះ ខណៈអ្នកដែលពុំមានកន្លែងចិញ្ចឹមត្រីជាង១២០០គ្រួសារ ត្រូវអាជ្ញាធរបញ្ជូនឡើងគោក ឲ្យទៅរស់នៅកន្លែងថ្មីរួចស្រេចអស់ហើយ។
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បានប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ការណ៍ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំង ឲ្យពលរដ្ឋជិត៨០០គ្រួសារក្នុងចំណោមពលរដ្ឋសរុបជាង២ពាន់គ្រួសារ បន្តស្នាក់នៅបណ្ដោះអាសន្ន ក្នុងទីតាំង៦គោលដៅ នៅលើផ្ទៃទឹកនៃបឹងទន្លេសាបនេះ ព្រោះចង់ទុកពេលឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីផ្លាស់មករស់នៅកន្លែងថ្មី និងកុំឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមត្រី។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមយល់ថា នេះជាហេតុផលមួយមិនសមរម្យ ដែលអាជ្ញាធរបន្តអនុគ្រោះដល់ជនជាតិវៀតណាមទាំងនោះស្នាក់នៅដល់ពាក់កណ្ដាលឆ្នាំក្រោយ។ មិនសមរម្យព្រោះថា ការចិញ្ចឹមត្រីមិនប៉ះពាល់ដល់ការប្ដូរកន្លែងរស់នៅទេ។ ដូច្នេះ លោក សន ជ័យ នៅមានក្ដីព្រួយបារម្ភពី ការធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ធនធានធម្មជាតិរបស់ខ្មែរ តាមរយៈការបោះកាកសំណល់ចោលទៅក្នុងទឹក ការបង្ហៀរប្រេងម៉ាស៊ីនកាណូតជារៀងរាល់ថ្ងៃ និងការបំពុលបរិស្ថានផ្សេងៗទៀត។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានពន្យល់ថា ការអនុញ្ញាតនេះធ្វើឡើងតែសម្រាប់ពលរដ្ឋដែលមានកន្លែងចិញ្ចឹមត្រីលើបឹងទន្លេសាបប៉ុណ្ណោះ ខណៈអ្នកដែលពុំមានកន្លែងចិញ្ចឹមត្រីជាង១២០០គ្រួសារ ត្រូវអាជ្ញាធរបញ្ជូនឡើងគោក ឲ្យទៅរស់នៅកន្លែងថ្មីរួចស្រេចអស់ហើយ។ បើតាមអាជ្ញាធរដដែល ពលរដ្ឋទាំងវៀតណាម ឥស្លាម និងខ្មែរ ដែលចាកចេញពីបឹងទន្លេសាបនាពេលកន្លងមក កំពុងរស់នៅលើគោក ដែលអាជ្ញាធរកំពុងសម្រុករៀបចំរចនាសម្ព័ន្ធថ្មី ដោយរួមមាន៖ ការចាក់ដីស្ថាបនាថ្នល់ ការតបណ្ដាញទឹក ភ្លើង រួមនឹងការសាងសង់សាលារៀន និងមន្ទីរពេទ្យជាដើម ក្រោមការសម្របសម្រួលពីសមាគមវៀតណាមប្រចាំនៅកម្ពុជា។
សូមជម្រាបថា ការផ្លាស់ទីជនជាតិវៀតណាមឡើងមកនៅលើគោកនេះ ស្ថិតនៅក្នុងផែនការការងារ៥ឆ្នាំរបស់ខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩។ ជនជាតិវៀតណាមជាង២០០០គ្រួសារនេះ ផ្លាស់ទីចេញពីគោលដៅចំនួន៦នៅទូទាំងខេត្តកំពង់ឆ្នាំង រួមមាន៖ ឃុំឆ្នុកទ្រូ ឃុំកំពង់ប្រាសាទ ស្រុកកំពង់លែង និងក្រុងកំពង់ឆ្នាំង ទៅរស់នៅកន្លែងថ្មី ស្ថិតនៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ដែលមានចម្ងាយ២គីឡូម៉ែត្រពីទន្លេដែលជាទីតាំងចាស់។ ចំពោះទីតាំងចាស់លើបឹងទន្លេសាប អាជ្ញាធរមានគម្រោងរៀបចំឲ្យទៅជាកន្លែងចិញ្ចឹមត្រីតាមលក្ខណៈស្តង់ដា ដើម្បីប្រែក្លាយផ្ទៃបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង ទៅតំបន់ទេចរណ៍នាពេលអនាគត ជំនួសឲ្យការរស់នៅពាសវាលពាសកាលដូចពេលកន្លងមក។ បន្ថែមពីលើកន្លែងចិញ្ចឹមត្រី ក៏មានដែរភោជនីយដ្ឋានតាមបែបបរិស្ថាននៅលើផ្ទៃទន្លេ តែយ៉ាងណាមិញគម្រោងនេះ កំពុងស្ថិតនៅក្នុងដំណាក់ការសិក្សានៅឡើយ៕ (អត្ថបទដោយ ទេព វណ្ណះ)
