អាមេរិក៖ "គ្រួសារអាមេរិកបានរងអំពើឃោរឃៅ ដោយផ្ទាល់ ពីកូរ៉េខាងជើង ដោយចាប់កូនគាត់ទៅធ្វើជាកូនអុកសម្រាប់ប្រឈមនឹងសហរដ្ឋអាមេរិក !" នេះជាប្រសាសន៍របស់ចៅក្រម លោកស្រី Beryl Howell។ សម្រាប់តុលាការ កូរ៉េខាងជើង បានធ្វើទារុណកម្ម ចាប់ជាចំណាប់ថ្នូរ និងបានធ្វើឃាតមនុស្សដោយគ្មានឆ្លងកាត់តុលាការ ព្រមទាំងធ្វើឱ្យអ្នកជាឪពុកម្តាយរងរបួសផ្លូវចិត្តទៀត។ ដូច្នេះកូរ៉េខាងជើង ត្រូវបង់ប្រាក់ ៥០១ ១៣៤ ៦៨៣,៨០ដុល្លារ ទៅឱ្យអ្នកជាឪពុកម្តាយ ដើម្បីសងជំងឺចិត្តគាត់។
លោកស្រីចៅក្រម ក៏បានលើកឡើងទៀតថា បើតាមគ្រូពេទ្យជំនាញប្រព័ន្ធប្រសាទ Daniel Kanter យុវនិស្សិតអាមេរិក មានដំបៅក្នុងខួរក្បាល បង្កឡើងដំណើរឈាមហូរទៅចិញ្ចឹមខួរក្បាលត្រូវអាក់ខានរយៈពេលពី៥ទៅ២០នាទី។ យោងតាមអ្វីដែលគេធ្លាប់ដឹង ភ្នាក់ងារកូរ៉េខាងជើង ទំនងជាវាយសួរចម្លើយនិស្សិតអាមេរិក ដោយជ្រមុជទឹក បង្ថប់ដណ្តើម ឆក់ខ្សែភ្លើង និងចាប់ដកធ្មេញ។
សូមបញ្ជាក់ថា និស្សិត Otto Warmbier បានស្លាប់នៅខែមិថុនា ឆ្នាំ២០១៧ ក្នុងវ័យ២២ឆ្នាំ ក្រោយពីជាប់ឃុំឃាំងអស់១៨ខែ និងបានបញ្ជូនត្រលប់មកដល់ទឹកដីអាមេរិកវិញ។ និស្សិតនៅសាកលវិទ្យាល័យVirginia រូបនេះ ត្រូវបាន ព្យុងយ៉ាង ចាប់ខ្លួន ពីបទបានលួចផ្ទាំងឃោសនា និងកាត់ទោសធ្វើការជាទម្ងន់រយៈពេល១៥ឆ្នាំ។ គេមិនដឹងអំពីមូលហេតុពិតប្រាកដនៃមរណភាពទេ។ ប៉ុន្តែកាលពីខែតុលា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក បានលើកឡើងអំពីភស្តុតាងដែលនាំឱ្យគេសន្និដ្ឋានថានិស្សិតអូតូ រងការវាយដំ។ ព្យុងយ៉ាងបានបដិសេធរាល់គ្រប់សកម្មភាពធ្វើទារុណកម្ម តែអះអាងថានិស្សិតរូបនេះ ទទួលជាតិពុល ពេលនៅក្នុងពន្ធនាគារ។
កូរ៉េខាងជើងទំនងជាមិនបង់ប្រាក់ទៅតាមសេចក្តីសម្រេចរបស់តុលាការអាមេរិកទេ។ ហើយទ្រព្យធនរបស់ព្យុងយ៉ាងដែលអាមេរិកអាចរឹបអូសបានក៏មានតិចបំផុត។ ប៉ុន្តែសេចក្តីសម្រេចនេះ អាចនឹងរំខានដល់ការចរចារវាងវ៉ាស៊ីនតោន និងព្យុងយ៉ាង ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ ដែលកំពុងជាប់គាំង បើទោះបីលោក ដូណាល់ ត្រាំ គ្រោងនឹងមានជំនួប មួយទល់នឹងមួយជាថ្មី ជាមួយលោក គីម ជុងអ៊ុន នៅដើមឆ្នាំ២០១៩នេះក៏ដោយ។ តែបើតាមការអះអាង របស់លោកប្រធានាធិបតី ត្រាំ នៅថ្ងៃចន្ទម្សិលមិញ ការចរចាកំពុងទៅមុខ ហើយលោក ត្រៀមជាស្រេចនឹងទៅជួបប្រមុខដឹកនាំកូរ៉េខាងជើងជាថ្មីក្នុងពេលឆាប់ៗ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)