ឥណ្ឌូណេស៊ី​ត្រូវការជំនួយសង្គ្រោះបន្ទាន់ជា​ច្រើន ដើម្បីជួយដល់​ជនរងគ្រោះធ្ងន់ធ្ងរ ក្រោយ​រលកយក្សស៊ូណាមិផ្តាច់ជីវិត​មនុស្សជិត​៤០០នាក់

(ហ្សការតា)៖ ជំនួយ​ចាំបាច់នានាត្រូវបានបញ្ជូន​ទៅកាន់តំបន់រងគ្រោះ ​ដោយសាររលកយក្ស​ស៊ូណាមិ​នៅក្នុងប្រទេស​ឥណ្ឌូណេស៊ី​ជាបណ្ដើរៗ​ហើយ ​នៅថ្ងៃអង្គារនេះ។ ប៉ុន្តែព្រម​ពេលជាមួយគ្នា ក្រុមអ្នកធ្វើ​ការងារផ្នែកមនុស្សធម៌បានព្រមានពីកង្វះ​ខាតទឹកស្អាត និងថ្នាំពេទ្យ ខណៈមនុស្ស​រាប់ពាន់នាក់កំពុងស្នាក់នៅតាមជំរុំបណ្ដោះ​អាសន្ន ដែល​កំពុង​ដង្ហោយរក​ជំនួយបន្ទាន់​ជាច្រើនទៀត។​ នេះបើតាមការ​ចេញផ្សាយដោយ​សារ​ព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមភ្នាក់ងារ​មនុស្សធម៌​កំពុងព្រួយបារម្ភ ខ្លាចក្រែងវិបត្តិសុខាភិបាល​សាធារណៈ​ផ្ទុះឡើង ខណៈចំនួនអ្នក​ស្លាប់បានកើន​ដល់ជិត ៤០០នាក់ (គិតត្រឹមព្រឹកថ្ងៃអង្គារ) និង​រាប់ពាន់នាក់​ត្រូវជម្លៀសចេញពីផ្ទះសម្បែង​របស់ពួកគេ ដែលត្រូវបានបំផ្លាញ​ដោយរលកយក្ស​ស៊ូណាមិ។ លើសពី​នេះទៅទៀត​កុមារជាច្រើននាក់ ក៏ត្រូវបានគេ​រាយការណ៍ថា បានធ្លាក់ខ្លួន​ឈឺជា​បណ្តើរៗជា ក្ដៅខ្លួន និងឈឺក្បាល​ជាដើម ដោយសារតែពួកគេ​មិនមានទឹកស្អាត​បរិភោគ​គ្រប់គ្រាន់។
គួរបញ្ជាក់ថា៖ គិតត្រឹមថ្ងៃ​ចន្ទម្សិលមិញ ចំនួនអ្នកស្លាប់​បានកើនដល់ ៣៧៣នាក់ ១,៤៥៩នាក់​រងរបួស និង១២៨នាក់បាត់ខ្លួន ក្រោយរលក​យក្សស៊ូណាមិ​វាយប្រហារលើ​តំបន់​ឆ្នេរនៃច្រកសមុទ្រ សាន់ដា (Sunda) ​ដែលស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងកោះជ្វា កាលពីយប់ថ្ងៃសៅរ៍​កន្លងទៅ។ ចំណែក​ឯ​ក្រុមជំនាញ​ក៏បានព្រមានដែរថា នឹងរលកយក្សស៊ូណាមិ​អាចនឹងកើតឡើង​ជាថ្មីម្ដងទៀត ស្រប​ពេលប្រជាជនច្រើន​ជាង ៥,០០០នាក់ មិនទាន់ហ៊ាន​ត្រឡប់ទៅផ្ទះ​វិញ៕

ឥណ្ឌូណេស៊ី​ត្រូវការជំនួយសង្គ្រោះបន្ទាន់ជា​ច្រើន ដើម្បីជួយដល់​ជនរងគ្រោះធ្ងន់ធ្ងរ ក្រោយ​រលកយក្សស៊ូណាមិផ្តាច់ជីវិត​មនុស្សជិត​៤០០នាក់ ឥណ្ឌូណេស៊ី​ត្រូវការជំនួយសង្គ្រោះបន្ទាន់ជា​ច្រើន ដើម្បីជួយដល់​ជនរងគ្រោះធ្ងន់ធ្ងរ ក្រោយ​រលកយក្សស៊ូណាមិផ្តាច់ជីវិត​មនុស្សជិត​៤០០នាក់ Reviewed by Laiheang Vobfm on 12/25/2018 Rating: 5
Powered by Blogger.