(ប្រទេសជប៉ុន)៖ ប៉ុន្មានខែទៀតដល់ពេលដាក់រាជ្យរបស់ព្រះអង្គ ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតូមានព្រះរាជបន្ទូលថា ក្រោមរាជ្យយ៉ាងយូររបស់ព្រះអង្គ ប្រទេសជប៉ុនពោរពេញដោយសន្តិភាព តែព្រះអង្គទ្រង់រំឭកទាំងក្ដុកក្ដួលពីការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើនក្នុងសង្គ្រាមលោកលើកទី២។
ក្នុងព្រះរាជសុន្ទរកថាមួយរបស់ព្រះអង្គ ថតទុកមុន សម្រាប់ពិធីចម្រើនព្រះជន្មគម្រាប់់៨៥ព្រះវស្សារបស់ព្រះអង្គ ព្រះចៅអធិរាជក៏សម្ដែងការគោរពចំពោះប្រជាជនជប៉ុននិងព្រះអធិរាជនី មីជីកូ ដែលតែងស្ថិតនៅក្បែរព្រះអង្គចាប់តាំងពី៦០ឆ្នាំមកហើយ។
ក្នុងព្រះសូរសៀងរាងញ័រ ព្រះអង្គរំឭកពីមរតកនៃសង្ក្រាមលោកលើកទី២ ព្រមទាំងពីការបាត់បង់ជីវិតមនុស្ស យ៉ាងច្រើនឥតគណនាក្នុងជម្លោះក្នុងព្រះនាមនៃព្រះបិតាព្រះអង្គ ព្រះចៅហ៊ីរូហ៊ីតូ ដែលចូលព្រះទិវង្គតក្នុងឆ្នាំ១៩៨៩។ ព្រះអង្គក៏គូសបញ្ជាក់ដែរពីសារសំខាន់នៃការអប់រំប្រវត្តិសាស្ត្រដល់យុវជនជំនាន់ក្រោយៗ។
ព្រះអង្គក៏មានព្រះរាជបន្ទូលដែរពីសន្តិភាពនិងភាពរុងរឿងរបស់ជប៉ុន ក្រោយសង្គ្រាមដែលកសាងដោយសារពលីកម្មយ៉ាងច្រើននិងការខិតខំប្រឹងប្រែងពុំរាថយរបស់ប្រជាជនជប៉ុន និងការផ្សព្វផ្សាយយ៉ាងត្រឹមត្រូវពីបណ្ដាផលវិបាកនៃប្រវត្តិសាស្ត្រ ដល់មនុស្សជំនាន់ក្រោយកើតក្រោយសង្គ្រាម៕
