(ទីក្រុងប៉េកាំង)៖ នៅក្នុងកិច្ចប្រជុំអបអរខួបទី៤០នៃការធ្វើកំណែទម្រង់ និងបើកទូលាយរបស់ប្រទេសចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារកន្លងមក លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានលើកឡើងពីការធ្វើកំណែទម្រង់ និងបើកទូលាយគឺជាបដិវត្តន៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជន និងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ chinadaily.com.cn ។
លោកស៊ី ថ្លែងថា៖ «វាគឺជាបដិវត្តន៍ដ៏ល្អមួយដែលជំរុញដល់ការលូតលាស់សម្រាប់របបសង្គមនិយមដែលមានបុគ្គលិកលក្ខណៈបែបប្រទេសចិន»។
លោកប្រធានាធិបតី បានបន្ថែមថា ការធ្វើកំណែទម្រង់ និងការបើកទូលាយ គឺជាការដាស់គណបក្សកម្មុនីស្តចិនសាជាថ្មីផងដែរ ដែលជំរុញដល់ការបង្កើតថ្មីទាំងក្នុងផ្នែកទ្រឹស្តី និងសកម្មភាពសម្រាប់គណបក្ស ។
លោកស៊ី បានបន្តថា៖ «ប្រទេសនេះបានរក្សាស្ថិរភាពសង្គមអស់រយៈពេលជាយូរណាស់មកហើយ ដែលធ្វើឲ្យប្រទេសនេះស្ថិតក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពជាងគេលើពិភពលោក»។ លោកបានបន្ថែមថា ប្រទេសចិនបានលាចាកពីបញ្ហាជាច្រើនដូចជា កង្វះអាហារ និងភាពក្រីក្រជាដើម ។
លោកស៊ីបាននិយាយដែរថា ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងអំឡុងពេល៤០ឆ្នាំមកនេះបានចូលរួមដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក ។ លោកក៏បានបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់គណបក្សលើកិច្ចការទាំងអស់ ខណៈដែលស្នើឱ្យមានការពង្រឹងវិធីដឹកនាំរបស់គណបក្សផងដែរ ។
យ៉ាងណាក្តី លោកបានអះអាងថា ភាពជោគជ័យដែលបានមកពីការធ្វើកំណែទម្រង់ និងបើកទូលាយនេះ មិនកើតឡើងដោយងាយស្រួលទេ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហានិភ័យ និងឧបសគ្គខុសៗគ្នា មិនអាចជៀសបានឡើយ ។
លោកបានបន្តទៀតថា៖ «ពួកយើងត្រូវតែធ្វើបច្ចុប្បន្នភាព និងធ្វើឲ្យម៉ាកនិយមមានប្រជាប្រិយភាពឡើងវិញក្នុងបរិបទប្រទេសចិនក្នុងសម័យទំនើប និងសម្រេចបានគោលដៅថ្មីៗក្នុងអភិវឌ្ឍន៍ម៉ាកនិយមជាដើម»។
លើសពីនេះទៀត លោកបាននិយាយថា ប្រទេសចិនគួរខិតខំបន្ថែមក្នុងការស្ថាបនាស្ថាប័នដែលយោងទៅតាមវិធាន និងអាចដំណើរការទៅបានដើម្បីទទួលបានប្រព័ន្ធសង្គមនិយមមួយដែលមានបុគ្គលិកលក្ខណៈជាប្រទេសចិន ។
ជាមួយគ្នានេះផងដែរ លោកស៊ីបានបញ្ជាក់ថា ប្រទេសចិនបានប្តេជ្ញាបើកទូលាយបន្ថែមទៀត និងលើកតម្កើងការខិតខំរួមដើម្បីស្ថាបនាសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សលោក។
លោកស៊ីបានបន្ថែមថា ការត្រួតពិនិត្យមើលអតីតកាលបង្ហាញថា ការធ្វើកំណែទម្រង់និងបើកទូលាយបន្តជាទំនៀមទម្លាប់មួយក្នុងប្រវត្តិសាស្ត្រចិន ។ ប្រវិត្តិសាស្ត្រនិងវប្បធម៌នេះបានជំរុញមកថា ប្រទេសចិននឹងបន្តឱបក្រសោបអនាគតតាមរយៈការធ្វើកំណែទម្រង់ និងបើកទូលាយជាដើម ៕