បារាំង៖ ញត្តិទាមទារប្តឹងរដ្ឋាភិបាលបារាំង ចំពោះការយឺតយ៉ាវចាត់វិធានការគាំពារបរិស្ថានធម្មជាតិ គឺផ្តួចផ្តើមដោយអង្គការអន្តរជាតិចំនួនបួន គឺអង្គការ Greenpeace, Oxfam, Notre Affaire និង មូលនិធិដើម្បីធម្មជាតិនិងមនុស្ស។ ញត្តិនេះ ត្រូវគេបង្ហោះតាមគេហទំព័រអ៊ីនធឺនែត ឈ្មោះថា laffairedusiecle.net នាយិកាអង្គការ Oxfam នៅបារាំង លើកឡើងថា ការចូលរួមចុះឈ្មោះក្នុងញត្តិប្តឹងរដ្ឋាភិបាលនេះ មានចំនួនច្រើនលើសពីការរំពឹងទុក ហើយកើនឡើងយ៉ាងឆាប់រហ័ស។ ចំណែកប្រធានអង្គការ Notre Affaire សង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុនិងជីវៈចម្រុះ គឺជាក្តីបារម្ភខ្លាំងរបស់ពលរដ្ឋ។
បើតាមអង្គការទាំងបួនខាងលើ នៅថ្ងៃច័ន្ទស្អែកនេះ ពួកគេនឹងដាក់របាយការណ៍អង្កេតលម្អិតមួយជូនរដ្ឋាភិបាលបារាំង ស្តីពីរឿងបរិស្ថានធម្មជាតិនេះ ហើយទុកពេលចំនួន២ខែ ឲ្យរដ្ឋាភិបាលរកចម្លើយដោះស្រាយបញ្ហា។ ចំពោះពួកគេ គេមិនចង់ស្តាប់ការជជែកដោះសាតទៀតនោះទេ គឺគេចង់ឃើញសកម្មភាពការងារជាក់ស្តែង។ ជាបន្តទៀត នៅខែមីនា ឆ្នាំ២០១៩ ពួកគេនឹងដាក់ពាក្យប្តឹងទៅតុលាការរដ្ឋបាលបារាំងតែម្តង។
គួរជ្រាបថា ការប្តឹងរដ្ឋាភិបាលចំពោះការមិនយកចិត្តទុកដាក់រឿងបរិស្ថាន ឬប្តឹងចំពោះការចាត់វិធានការយឺតយ៉ាវចំពោះកិច្ចគាំពារធម្មជាតិ គឺធ្លាប់មានប្រវត្តិឈ្នះក្តីម្តងរួចហើយ នៅប្រទេសហូឡង់។ អង្គការមួយឈ្មោះ Urgenda ដែលចូលរួមដោយពលរដ្ឋប្រមាណ៩០០នាក់ បានប្តឹងរដ្ឋាភិបាលហូឡង់ ហើយទីបំផុត តុលាការហូឡង់ បានសម្រេចឲ្យរដ្ឋាភិបាល ចាត់វិធានការកាត់បន្ថយ ការបំពុលបរិកាសដោយឧស្ម័នផ្ទះកញ្ចក់ ឲ្យបាន២៥ភាគរយ នៅឆ្នាំត្រឹមឆ្នាំ២០២០៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)