សម្តេចតេជោ ហ៊ុន សែន៖ វារីអគ្គិសនីសេសានក្រោម២ នឹងបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ វារីអគ្គិសនីសេសានក្រោម២ នឹងបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា!

17/12/2018
(ស្ទឹងត្រែង)៖ ក្នុងពេលកំពុងធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះនូវសារខ្លីមួយស្តីអំពី វារីអគ្គិសនីសេសានក្រោម២នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វារីអគ្គិសនីសេសានក្រោម២ដែលត្រូវសម្ពោធនៅថ្ងៃនេះ នឹងផ្តល់ការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងចំណូលពន្ធដាររដ្ឋ។ ទន្ទឹមនឹងនេះ នឹងបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា ដែលនឹងចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រពិតប្រាកដរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា វារីអគ្គិសនីសេសានក្រោម២នេះ មានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៤០០មេហ្កាវ៉ាត់ ដែលវិនិយោគរួមដោយ៣ ក្រុមហ៊ុនលើទឹកប្រាក់វិនិយោគជិត ៨០០លានដុល្លារអាមេរិក។ ប្រភេទនៃការវិនិយោគនេះ គឺសាងសង់រួច-ដំណើរការ និងផ្ទេរមករាជរដ្ឋាភិបាល (BOT) ដែលមានរយៈពេលសម្បទាន៤៥ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា ច្បាស់ណាស់ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទើបវិនិយោគបរទេសហ៊ានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា៕