រដ្ឋបាល​លោក ដូណាល់ ត្រាំ នៅតែទាមទារ​ឲ្យកូរ៉េខាងត្បូង​ «ចេញថ្លៃការពារ​លើសមុនទ្វេដង» ទើប​​កិច្ចចរចាបីថ្ងៃ​​ត្រូវ​ទទួលបរាជ័យ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋបាល​លោក ដូណាល់ ត្រាំ នៅតែទាមទារ​ឲ្យកូរ៉េខាងត្បូង​ «ចេញថ្លៃការពារ​លើសមុនទ្វេដង» ទើប​​កិច្ចចរចាបីថ្ងៃ​​ត្រូវ​ទទួលបរាជ័យ!

14/12/2018
(សេអ៊ូល)៖ ទីបំផុតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​ បានបរាជ័យ​ក្នុងការ​ចរចាជុំវិញ​បញ្ហាថា តើ​រដ្ឋាភិបាល​ទីក្រុងសេអ៊ូល​គួរ​​​ធ្វើការចំណាយ​ត្រឹមកម្រិតណា សម្រាប់​ការឈរជើងរបស់​កងទ័ព​អាមេរិក​​នៅឧបទ្វីបកូរ៉េ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី១៤​ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងអំឡុងពេល ០៣ថ្ងៃរហូតមកទល់​ថ្ងៃព្រហស្បតិ៍នេះ អ្នកការទូត​​នៃសម្ព័ន្ធមិត្តទាំងពីរ​​​ បានបើកការចរចា​នៅ​សេអ៊ូល ដើម្បី​ស្វែងរកការឯកភាពគ្នាលើ​កិច្ចព្រមព្រៀង​ចំណាត់ការ​ពិសេស SMA ដែលកំណត់​ពីការចំណាយរវាង​​​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង និងទីក្រុង​វ៉ាស៊ីនតោន សម្រាប់កងកម្លាំង​យោធា​អាមេរិកប្រចាំ​នៅកូរ៉េខាងត្បូង (USFK)។

កិច្ចព្រមព្រៀង​​រយៈពេល ០៥ឆ្នាំខាងលើ នឹងត្រូវផុតសុពល​ភាពនៅដំណាច់ឆ្នាំនេះ ខណៈ​កងទ័ពអាមេរិក​​ប្រហែល ២៨,៥០០នាក់ កំពុងឈរជើង​នៅ​លើទឹកដី​កូរ៉េខាងត្បូង ក្រោយពី​សង្រ្គាមកូរ៉េ​ឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់​ទៅ​តាមរយៈ​បទ​ឈប់បាញ់។
គួរបញ្ជាក់ថា៖ បើតាម​ការបញ្ជាក់​ពីក្រសួងការបរទេស​កូរ៉េខាងត្បូង ភាគីទាំងពីរមិនអាច​ឯកភាពគ្នា​ជុំវិញបញ្ហា​នេះ​បាន​ គឺដោយសារតែ​នៅមានការខ្វែងគំនិតគ្នា​ខ្លាំង អំពីចំណែកនៃការ​ចំណាយរបស់​​ទីក្រុង​សេអ៊ូល។ កន្លង​មក កូរ៉េខាងត្បូង​បានចេញថវិកា ​៩៦០ពាន់លានវ៉ុន ស្មើនឹង ៨៥០លានដុល្លារអាមេរិក សម្រាប់ការឈរជើង​​របស់កងកម្លាំង USFK ប៉ុន្តែ​អាមេរិក​​បាន​ទាម​ទារឲ្យ​​​ទីក្រុងសេអ៊ូល​ បង្កើនការចំណាយ​ប្រចាំឆ្នាំរបស់ខ្លួន​ឲ្យច្រើនជាងនេះថែម​ទៀត ពោល​គឺ​រហូត​​ដល់​ទៅ​ទ្វេ​ដង​នៃចំនួនបច្ចុប្បន្ន៕