​ក្រសួងមហាផ្ទៃ សម្រេចបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅតាមស្នងការ ៥រាជធានី-ខេត្ត​ ដើម្បីបង្ក្រាបបទល្មើសនេះកាន់តែខ្លាំងឡើង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ក្រសួងមហាផ្ទៃ សម្រេចបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅតាមស្នងការ ៥រាជធានី-ខេត្ត​ ដើម្បីបង្ក្រាបបទល្មើសនេះកាន់តែខ្លាំងឡើង

13/12/2018
(សៀមរាប)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ សម្រេចបង្កើតការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ​នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន៥ ដើម្បីបង្ក្រាបបទល្មើសនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលបង្កើតជាជំហ៊ានដំបូងនេះ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលបច្ចុប្បន្នកំពុងតែរៀបចំរចនាសម្ព័ន្ធ និងកំពុងបណ្ដុះបណ្ដាលមន្ដ្រីជំនាញ។ ដោយឡែកខេត្តបន្ទាយមានជ័យ ក៏នឹងបង្កើតផងដែរ បន្ទាប់ពីខេត្តទាំង៤ខាងលើ លេចចេញជារូបរាងច្បាស់លាស់។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំឱ្យបង្កើតការិយាល័យមួយ នៅតាមស្នងការដ្ឋានចំនួន៤កន្លែង គឺការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា តែនៅក្រសួង អគ្គស្នងការដ្ឋាននគរបាលជាតិមានហើយ ប៉ុន្ដែនៅរាជធានី-ខេត្តចំនួន៤ មានរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និងស្វាយរៀង ហើយថ្ងៃក្រោយនឹងបង្កើតទូទាំងប្រទេស»

លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា «ក្រសួងបានបង្កើតរួចហើយ នូវការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ ប៉ុន្ដែមិនទាន់ចេញជាផ្លូវការនោះទេ ព្រោះថាពេលនេះកំពុងតែបណ្ដុះបណ្ដាលជំនាញ និងរចនាសម្ព័ន្ធ។ ការិយាល័យនេះ នឹងបង្កើតនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តសៀមរាប ហើយបន្ដទៅខេត្តបន្ទាយមានជ័យ»

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន ក៏បានបញ្ជាក់ផងដែរអំពីការបង្កើតការិយាល័យថ្មីនេះ ហើយលោកឧត្តមសេនីយ៍ស្នងការ ប្តេជ្ញាថា នឹងបន្តដឹកនាំការិយាល័យជំនាញថ្មីនេះ ដើម្បីបង្ក្រាបបទល្មើសកាន់តែខ្លាំងឡើង និងមានប្រសិទ្ធភាពថែមទៀត។

យ៉ាងណាមិញ ក្រៅពីការងារប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ សម្ដេចក្រឡាហោម ស ខេង ក៏បាននៅបន្ដជំរុញឱ្យបង្កើតបទល្មើសគ្រឿងញៀន និងរឹតបន្ដឹងលើការងារច្បាប់ចរាចរណ៍ផងដែរ។ បើតាមសម្ដេច ស ខេង ពាក់ព័ន្ធជាមួយការងារគ្រឿងញៀន ត្រូវតែសហការជាមួយម្ចាស់ក្លឹបកម្សាន្ដ ផ្ទះសំណាក់ និងកន្លែងកម្សាន្ដសប្បាយជាដើម៕