បារាំង ប្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យបញ្ឈប់ជាបន្ទាន់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ខណៈទីក្រុងប៉ារីសកំពុងប្រឈមមុខមហាបាតុកម្ម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បារាំង ប្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យបញ្ឈប់ជាបន្ទាន់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ខណៈទីក្រុងប៉ារីសកំពុងប្រឈមមុខមហាបាតុកម្ម

10/12/2018
(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានប្រាប់ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ឈប់ជាបន្ទាន់ការលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់បារាំង ខណៈទីក្រុងប៉ារីសកំពុងប្រឈមមុខនឹងមហាបាតុកម្មដ៏ហិង្សា ប្រឆាំងសំាងឡើងថ្លៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី១០ ធ្នូ ឆ្នាំ២០១៨។
លោក Le Drian ធ្វើការកត់សម្គាលបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ LCI កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះលោករដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «យើងមិនធ្លាប់បានលូកដៃចូលកិច្ច ការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកម្ដងណាឡើយ ...ដូច្នេះលោក ដូណាល់ ត្រាំ គួរតែបញ្ឈប់ជាបន្ទាន់ការលូកដៃចូលកិច្ចការផ្ទៃ ក្នុងរបស់បារាំង»
កាលពីថ្ងៃសៅរ៍កន្លងទៅមនុស្សជាង១,៧២៣នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងរវាង​កម្លាំងប៉ូលិស និងក្រុមអ្នកតវ៉ា​​ពាក់អាវកាក់ពណ៌លឿង​ អំឡុង​ការ​ធ្វើបាតុកម្មទ្រង់ទ្រាយធំនៅប្រទេសបារាំង។ ចំណែកឯលោក ដូណាល់ ត្រាំ បានយកបាតុកម្មដ៏ហិង្សានេះរិះគន់បារាំងយ៉ាងខ្លាំង ជុំវិញកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួល អាកាសធាតុ ដែលលោកចាត់ទុកថាជាមូលហេតុធ្វើឱ្យឥន្ធនៈឡើងថ្លៃ។
គួរជម្រាបថា បាតុកម្មខាងលើបានឈានដល់ភាពតានតឹងខ្លាំងចូលសប្តាហ៍ទី០៤ នៅ​ពេល​​ក្រុម​បាតុករ​​បិទ​មុខ​​បានចូលរួមក្នុងសកម្មភាពតវ៉ា ហើយបង្ករឿងតាមរយៈការរុះរើ​រនាំង​ប៉ូលិស ព្រម​ទាំង​ដុត​បំផ្លាញ​ធុង​សំរាម​ ដើមឈើ​ និង​យានជំនិះ ហើយវាយកម្ទេច​និងលួចយកទំនិញពីហាងតាមដងផ្លូវជាដើម ដែលជាហេតុបង្ខំ​ឱ្យ​ប៉ូលិស​​បាញ់​​ឧស្ម័ន​​បង្ហូរ​ទឹកភ្នែក និងប្រើប្រាស់​កាណុងបាញ់ទឹក ដើម្បីបង្រ្កាប​ក្រុមបាតុករទាំងនោះ។

ជាមួយគ្នានេះ រថពាសដែកត្រូវបានដាក់ពង្រាយជាលើកដំបូង​នៅទីក្រុងប៉ារីស គិតចាប់តាំងពីកុបកម្មឆ្នាំ២០០៥ នៅ​ចំពោះមុខការរឹតបន្តឹងវិធានការរក្សាសន្តិសុខយ៉ាងរឹងមាំ ដែលរដ្ឋាភិបាលបារាំងបានអនុវត្តន៍ ដើម្បីបញ្ចៀសភាព​វឹក​វរ​​បែបនេះទៀត ខណៈថ្ងៃបុណ្យឈប់សម្រាកគ្រីស្មាស់នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ​។ ក្រៅពីនេះ​កម្លាំង​​សន្តិ​សុខចំនួន ៨៩,០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមទីក្រុងនានានៃប្រទេសបារាំង ក្នុងនោះ​៨,០០០នាក់ ត្រូវដាក់​ឲ្យ​ឈរជើងនៅទីក្រុងប៉ារីស៕
រដ្ឋាភិបាលបារាំង បានប្រកាសលុបចោល​គម្រោង​បង្កើន​ពន្ធឥន្ទនៈ​រួមមាន សាំង​និង​​ម៉ាស៊ូត​ជា​ដើម​សម្រាប់ឆ្នាំ​២០១៩​ ដើម្បីបន្សាបកំហឹង​របស់​ក្រុមបាតុករ ប៉ុន្តែចលនា​ក្រុមអ្នកតវ៉ាអាវកាក់ពណ៌លឿង​ហាក់ពុំបានបង្ហាញសញ្ញានៃភាព​ធូរ​ស្រាលនោះឡើយ ដោយពួកគេនៅតែមានបំណងចង់​ទាមទារឲ្យ​មាន​សកម្មភាព​ជាក់​ស្តែង​ជាង​នេះ ជា​ពិសេស​នោះ​ គឺប្រជាជនបារាំងចង់បានការដំឡើងប្រាក់ឈ្នួល និងបន្ថយ​ការ​អត្រា​បង់​ពន្ធ​តែ​ម្តង៕