ម៉ូនីទ័រជំនាន់ថ្មីនេះមានឈ្មោះហៅថា ROG Strix XG32VQ មានរូបរាងទាក់ទាញ គែមអេក្រង់ខ្លី មើលពេញភ្នែក ដែលវាប្រសើរជាង XG32VQ ដែលចេញកាលពីពេលកន្លងទៅ ដោយម៉ូឌែលជំនួសមួយនេះ ASUS បានបះពូវនូវចន្លោះខ្វះខាត ក៏ដូចជាបន្ថែមមកជាមួយនឹងមុខងារថ្មីៗបន្ថែមទៀត ដេញតាមសម័យកាល នៃការវិវឌ្ឍន៍ខ្លួននៃបច្ចេកវិទ្យា ក៏ដូចជាក្រាហ្វិចហ្គេម។
ROG Strix XG32VQ មានអេក្រង់ទំហំ 32 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពកម្រិត 2K ឬស្មើនឹង 2560 x 1440p ប្រើប្រាស់បន្ទះបង្ហាញប្រភេទ VA Panel ជាមួយនឹងល្បឿនរហ័សលោតដល់ 144Hz ធានាទៅដល់ក្រាហ្វិចរត់នៅលើផ្ទៃអេក្រង់មួយនេះរលូនល្អ ព្រោះវាមានបច្ចេកវិទ្យា Freesync ជាជំនួយបន្ថែមមួយទៀត ដែលលើកនេះគឺជាជំនាន់ទី 2 ដូច្នេះសម្រាប់អ្នកប្រើប្រាស់ក្រាហ្វិចកាត AMD នឹងកាន់តែរីករាយជាមួយនឹងការលេងហ្គេមជាមួយម៉ូនីទ័រមួយនេះ បើក្រាហ្វិចកាតរបស់អ្នកអាចប្រើមុខងារ Freesync ជំនាន់ទី 2 នេះបាន ហើយក៏លែងបារម្មណ៍ថាអត់ម៉ូនីទ័រ ដែលអត់ Support ជាមួយនឹងមុខងារជំនាន់ថ្មីពី AMD មួយនេះទៀតដែរ! Good job!
ក្រៅពីអេក្រង់ធំច្បាស់ កោង ហើយនឹងលឿននោះ XG32VQ ជំនាន់ថ្មីនេះក៏អាចប្រើប្រាស់លេងហ្គេម ក៏ដូចជាទស្សនាវីដេអូ ជាប្រភេទ HDR បានទៀតផង ដូច្នេះក្រាហ្វិច ឬវីដេអូ ដែលបង្ហាញនៅលើអេក្រង់នេះកាន់តែមានពណ៌ដិតស្រស់ ជាមួយកម្រិតពន្លឺ Brightness ជះបាន 400-nit សាកសមសម្រាប់ការប្រើប្រាស់ក្នុងបន្ទប់។
ក្រៅពីការបង្កើនសមត្ថភាពអេក្រង់ ក៏ដូចជាបន្ថែម HDR នេះ វាមានលក្ខណៈសម្បត្តិទូទៅផ្សេងៗទៀត ដោយផ្នែកខាងក្រោយមានរង្វង់ភ្លើង RGB ក៏ដូចជាជើងទម្រខាងក្រោមមានភ្លើងពណ៌ទឹកក្រូចបាញ់ចុះក្រោយ ដែលយើងអាចដាក់រូបតាមការពេញចិត្ត និងមានរន្ធតំណរភ្ជាប់ I/O ដូចជា៖
- HDMI 2.0 x 1
- DisplayPort x 2
- Mini DisplayPort x 1
- រន្ធកាស 3.5mm x 1
- USB 3.0 x 2
ប្រភព៖ ASUS