សមត្ថកិច្ចនៃប្រទេសកូរ៉េខាងត្បូងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើសំណុំរឿងបុគ្គលចំនួន ១១ រូប នៃក្រុមហ៊ុនមួយ បានលួចយកអាថ៌កំបាំងនៃការផលិតអេក្រង់ OLED របស់ Samsung លក់ទៅឲ្យក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់ ១៤ លានដុល្លារ។
ឈ្មោះក្រុមហ៊ុនរបស់បុគ្គលទាំង ១១ រូបខាងលើមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែគេដឹងថាវាជាក្រុមហ៊ុនដែលមានជាប់កុងត្រាជាមួយ Samsung ក្នុងការផលិតគ្រឿងបន្លាស់សម្រាប់អេក្រង់ OLED របស់ Samsung។ ក្នុងចំណោម ១១ រូបនេះ មាន ៣ រូបត្រូវបានចាប់ខ្លួនរង់ចាំការកាត់ក្ដី ដោយក្នុងនោះរួមមាននាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះផងដែរ។
ពួកគេទាំង ១១ រូបបានរួមដៃគ្នាផ្ញើគំនូរព្រាង និងគំនូរបំព្រួញនៃផ្ទាំងអេក្រង់ OLED ដែលមាននិយាយអំពីបច្ចេកវិទ្យា 3D Lamination សម្រាប់អេក្រង់ OLED រាងកោងដូចប្រើលើស្មាតហ្វូន Samsung កន្លងមក។
នេះជាទង្វើមួយដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយ Samsung បាននិយាយថានឹងមិនឲ្យអ្នកដែលជាប់ពាក់ព័ន្ធរួចខ្លួនជាដាច់ខាត។ គួរបញ្ជាក់ថា Samsung បានចំណាយពេលប្រហែល ៦ ឆ្នាំ និងទឹកប្រាក់រាប់លានដុល្លារលើការអភិវឌ្ឍបច្ចេកវិទ្យាអេក្រង់ OLED នេះ៕
ប្រភព៖ GSMarena