លោក ដូណាល់ ត្រាំ​ ប្រកាស «លុបចោល​​ជំនួបជាមួយ​​លោក ពូទីន យ៉ាង​ទាន់ហន់» ក្រោយ​ពីការគ្រោង​ធ្វើឡើងនាកិច្ចប្រជុំ G20! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ​ ប្រកាស «លុបចោល​​ជំនួបជាមួយ​​លោក ពូទីន យ៉ាង​ទាន់ហន់» ក្រោយ​ពីការគ្រោង​ធ្វើឡើងនាកិច្ចប្រជុំ G20!

30/11/2018
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ដែលចូលចិត្តធ្វើរឿង​អ្វីដែលគេនឹកស្មានមិនដល់នោះ បានសម្រេច​ចិត្តលុបចោលយ៉ាងទាន់ហន់​ នូវគំរោងជួបមុខគ្នាជាថ្មីជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ដោយសារតែ​ជម្លោះរវាង​អ៊ុយក្រែន និងរុស្ស៊ី​មិនទាន់ត្រូវបាន​ដោះស្រាយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការសម្រេច​ចិត្តភ្លាមៗបែបនេះ នៅក្នុងសារមួយ​បង្ហោះនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ នៅអំឡុងពេល​ជិះយន្ដហោះទៅចូលរួម​កិច្ចប្រជុំ G20 ក្នុងប្រទេស​អាហ្សង់ទីន។ លោក ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «ផ្អែកលើ ភាពជាក់ស្ដែងដែលនាវា និងក្រុមនាវិក​អ៊ុយក្រែនមិនទាន់ត្រូវបានរុស្ស៊ី​ដោះលែងមកវិញ ខ្ញុំបានសម្រេចចិត្តថា វាគឺជារឿង​ដ៏ល្អ​សម្រាប់គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់​ក្នុងការលុបចោល​ជំនួបដែលត្រូវបានគ្រោងទុករបស់ខ្ញុំ នៅក្នុងប្រទេស​អាហ្សង់ទីន​ជាមួយលោក ប្រធានាធិបតី ពូទីន»។ ប៉ុន្តែ​លោក ត្រាំ ក៏បាន​បញ្ជាក់ដែរថា លោកនឹងគិតគូរ​ពីកិច្ចប្រជុំកំពូលជាថ្មី​ម្ដងទៀត ក្នុងពេល​ឆាប់ៗ​នេះ បើសិនជម្លោះ​រវាងអ៊ុយក្រែន និងរុស្ស៊ី​ត្រូវបាន​ដោះស្រាយ។
គួរបញ្ជាក់ថា៖ កាលពី​ថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំង​​នៃទីក្រុងម៉ូស្គូ បានចេញ​សេចក្តី​ប្រកាសហើយ​ថា ជំនួបជាថ្មី​ទៀត​រវាងប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវធ្វើឡើង​នៅក្នុងឱកាស នៃកិច្ចប្រជុំកំពូល​បណ្តាប្រទេស​សេដ្ឋកិច្ច​ធំៗ G-20 នៅក្នុងរដ្ឋធានី​​ប៊ុយណូសអ៊ែរែស នៃប្រទេស​អាហ្សង់ទីន​ នាថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ៕