ព្រឹកស្អែកសម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹកស្អែកសម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់

28/11/2018
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ នៅព្រឹកថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ។

តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចតេជោ និងគណៈប្រតិភូនឹងចំណាយពេលប្រមាណ៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល់។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមជាមួយលោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ហើយក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់។ បន្ទាប់មកថ្នាក់ដឹកនាំប្រទេសទំាងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។

ដោយឡែកក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក២០១៨-នេប៉ាល់ “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល”

នៅក្នុងឱកាសស្នាក់នៅប្រទេសនេប៉ាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូុ។

ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សូមបញ្ជាក់ថា៖ ដំណើរចេញទៅក្រៅប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ គឺជាដំណើរចេញទៅក្រៅប្រទេសលើកទី១៣ហើយ នៅក្នុងឆ្នាំ២០១៨នេះ។

ខាងក្រោមជាប្រវត្តិចេញទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០១៨នេះ៖

លើកទី១៖ បំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២៤ ដល់២៧ ខែមករា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា។

លើកទី២៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលប្រព្រឹត្ត​ទៅពីថ្ងៃទី​១៦ ដល់ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

លើកទី៣៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី៣០ ដល់៣១ ខែមីនា។

លើកទី៤៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

លើកទី៥៖ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលកិច្ចប្រជុំកំពូលនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មិថុនា ២០១៨។

លើកទី៦៖ (ក្រោយបង្កើតរាជរដ្ឋាភិបាលបាន៤ថ្ងៃ)៖ ចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី១៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសៅចិន។ រួចបន្តអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម (ពីថ្ងៃទី១០-១៣ខែកញ្ញា ឆ្នាំ២០១៨)។

លើកទី៧៖ សម្តេចតេជោ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីវៀតណាមនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

លើកទី៨៖ សម្តេចតេជោ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លើកទី៩៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ ដល់ថ្ងៃ១០ ខែតុលា ឆ្នាំ២០១៨។ បន្ទាប់មកបន្តដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ានចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨។


ប្រភព៖ Fresh News