ខេត្តបាត់ដំបងៈ បុរសវ័យចំណាស់ម្នាក់បានកើតនូវរោគប្រចណ្ឌខុសទំនង ដោយចោទប្រពន្ធថា លួចរួមរ័កជាមួយនឹងកូនប្រសារបស់ខ្លួន ធ្វើឲ្យគាត់ផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅយកដបសាំងមកចាក់ដុតខ្លួន និងផ្ទះ បណ្ដាលឲ្យឆេះស្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូដឹកប្រពន្ធត្រឡប់មកពីសីុឈ្នួលបេះសណ្តែក។ លុះពេលពួកគាត់មកដល់ផ្ទះវិញ ក៏កើតមានទំនាស់ពាក្យសម្ដីគ្នា ដោយសារតែជនរងគ្រោះបានចោទប្រពន្ធរបស់គាត់ ផិតក្បត់គាត់ ហើយលួចរួមរ័កជាមួយនឹងកូនប្រសាពេញមួយយប់។ បន្ទាប់ពីឈ្លោះប្រកែករួច ជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ រួចហើយចាក់សាំងដុត បណ្តាលឱ្យឆេះស្លាប់ខ្លួនឯងនៅក្នុងផ្ទះ។
លោកវរសេនីយ៍ត្រី ផាន់ ឡុង អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ចៀន អាយុ៦៨ឆ្នាំ មានប្រពន្ធឈ្មោះ ជា សារឿយ អាយុ៥៧ឆ្នាំ។ ពួកគាត់ទាំង២នាក់ រស់នៅភូមិបរិបូណ៌ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ករណីនេះ គឺបណ្តាលមកពី ជនរងគ្រោះប្រចណ្ឌប្រពន្ធខ្លាំងពេក និងមានរោគសសៃប្រសាទផងក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទដោយ ទេព វណ្ណះ)
