កាលពីម្សិលមិញមន្ត្រីជំនាញក្រសួងសាធារណការ និងដឹងជញ្ជូនបានជួបប្រជុំជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងបានបង្ហាញគម្រោងលម្អិតពីផ្លូវមួយខ្សែនេះ។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុនៅលើហ្វេសប៊ុករបស់ខ្លួននៅព្រឹកនេះ។
ប្រភពខាងលើឱ្យដឹងថាផ្លូវល្បឿនលឿននេះមានប្រវែង១៩០គីឡូម៉ែត្រ មានទទឹង២៤,៥ម៉ែត្រ មានបួនគន្លងដោយពីរគន្លងទៅ និងពីរគន្លងមក បើកបរក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រភពដដែលឱ្យដឹងទៀតថាផ្លូវនេះចាប់ចេញពីផ្លូវក្រវ៉ាត់ក្រុងទី៣ រាជធានីភ្នំពេញ ទៅចប់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
(រូបតំណាង)
ផ្លូវនេះសិក្សាដោយក្រុមហ៊ុនចិនChina Road and Bridge CorporatIon (CRBC) ជាប្រភេទផ្លូវក្រាលកៅស៊ូ AC ក្នុងទម្រង់វិនិយោគសាងសង់ ប្រតិបត្តិ-ផ្ទេរ (BOT) ដែលត្រូវបានចុះហត្ថលេខាកិច្ចព្រមព្រៀងសម្បទានកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ ប្រភពខាងលើបញ្ជាក់។ផ្លូវនេះមានផ្លូវបំបែកប្តូរទិសចំនួនប្រាំពីរកន្លែង ស្ពានវែង និងមធ្យម៥៦កន្លែង ស្ពានខ្លីចំនួន៣៣កន្លែង ស្ពានរំលងចំនួន៣២១កន្លែង និងកន្លែងឈប់សម្រាកចំនួនបីកន្លែង។ ប្រភពដដែលបន្តថាភាគីពាក់ព័ន្ធនឹងបន្តកិច្ចប្រជុំអន្តរក្រសួងដើម្បីសម្រេច និងចាប់ផ្តើមសាងសង់នៅពេលខាងមុខ៕