លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀង​ Brexit នឹងជះផលអាក្រក់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀង​ Brexit នឹងជះផលអាក្រក់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍

27/11/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ​កិច្ចព្រមព្រៀង​ដកខ្លួនចេញពីសហភាព​អឺរ៉ុប (Brexit) ដែលស្នើឡើងដោយនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May អាចជះផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ ទំនងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងឡុងដ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារ​ព័ត៌មានរុស្ស៉ី Sputnik នៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងក្នុងបទសម្ភាសន៍មួយនៅទីធ្លានៃសេតវិមាននាថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀង​ Brexit ដែល​រដ្ឋបាលលោកស្រី May បានស្នើឡើង គឺស្តាប់ទៅដូចជាល្អគួរសមសម្រាប់សហភាពអឺរ៉ុប តែផ្ទុយទៅ​វិញ វិស័យពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយសហរដ្ឋអាមេរិក អាចរងគ្រោះដោយសារលក្ខខណ្ឌនៃ​កិច្ចព្រម​ព្រៀង​នេះ។
លោក ត្រាំ និយាយដូច្នេះថា «យើងត្រូវក្រឡេកមើលឲ្យច្បាស់ថាតើអង់គ្លេស អាចឬមិនអាចធ្វើពាណិជ្ជកម្ម ពីព្រោះថាឥឡូវនេះ បើយើងមើលទៅលើកិច្ចព្រមព្រៀង គឺទីក្រុងឡុងដ៍ប្រហែលពុំអាចធ្វើពាណិជ្ជកម្មជាមួយយើងឡើយ ហើយ​វានឹងពុំមែនជារឿង ល្អឡើយ ទន្ទឹមនឹងនេះខ្ញុំក៏គិតថាវាពុំមែនជាអ្វីដែលអង់គ្លេសចង់បានដែរ»។ លោក ត្រាំ បានបង្ហាញ​ក្តីសង្ឃឹមថា លោកស្រី May នឹងអាចធ្វើអ្វីយ៉ាងជុំវិញបញ្ហានេះ ប៉ុន្តែលោកពុំបានសង្កត់ធ្ងន់លើ​ចំណុចលម្អិតណាមួយ​នៃ​កិច្ចព្រមព្រៀងដែលធ្វើឲ្យរូបលោក ខ្វល់ខ្វាយនោះទេ។

ជុំវិញក្តីព្រួយបារម្ភវិញ ការិយាល័យលោកស្រី May បានធ្វើការឆ្លើយតបភ្លាមៗថា កិច្ចព្រមព្រៀង​របស់អង់គ្លេស ក្នុង​ការ​ដើរចេញពីសហភាពអឺរ៉ុប នឹងអនុញ្ញាតឲ្យទីក្រុងឡុងដ៍​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក​បាន​។

គួរជម្រាបថា៖ នៅក្រោមកិច្ចព្រមព្រៀង​ដែលចរចាបានជាមួយ​មេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យកន្លងទៅ ចក្រភព អង់គ្លេស នឹងដើរចេញពី​​ប្លុកនេះនៅខែមីនា ឆ្នាំក្រោយ ដោយនៅតែបន្តមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធ​ដដែល​។ ​ប៉ុន្តែ​​បច្ចុប្បន្ន កិច្ចព្រមព្រៀងនេះ ត្រូវឆ្លងកាត់ការឯកភាពនៅក្នុងសភាអង់គ្លេស ជាទីដែលលោកស្រី May ប្រឈមនឹង​ការ​ជំទាស់ជាខ្លាំង ទាំងពីសំណាក់មន្រ្តីបក្សនិង​អ្នកគាំទ្រ Brexit ផ្ទាល់៕