បារាំង៖ តើបារាំងនឹងប្រគល់វត្ថុបុរាណទៅឲ្យបណ្តាប្រទេសនៅអាហ្វ្រិកវិញ? នៅថ្ងៃសុក្រនេះ ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង ត្រូវទទួលអានរបាយការណ៍មួយ ដែលនិយាយពីការប្រគល់វត្ថុបុរាណ ទៅឲ្យប្រទេសម្ចាស់ដើម នៅអាហ្វ្រិកវិញ។ វត្ថុបុរាណ ដែលបានឃ្លាតចាក ចេញ ពីទឹកដីអាហ្វ្រិក ក្នុងសម័យអាណានិគមនិយមបារាំង ហើយដែលសព្វថ្ងៃជាសម្បត្តិរដ្ឋ នៅតាមសារមន្ទីរបារាំង។
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ត្រូវទទួលអានរបាយការណ៍ដ៏ចម្រូងចម្រាសមួយ ដែលនៅក្នុងនោះ អ្នកជំនាញ បានទាមទារឲ្យបារាំងប្រគល់ទៅឲ្យប្រទេសម្ចាស់ដើមវិញ នៅវត្ថុបុរាណអាហ្វ្រិក ដែលបានមកដោយខុសច្បាប់ តាំងពីសម័យអាណានិគម។
របាយការណ៍ដែលមានកម្រាសច្រើនជាង ២០០ទំព័រ ជាការប៉ងចង់បាន របស់លោកប្រធានាធិបតី បារាំង លោកអេម៉ានុយអែលម៉ាក្រុង។ លោកម៉ាក្រុងបានដាក់ភារកិច្ចឲ្យអ្នកជំនាញ២នាក់ ដែលម្នាក់ជាប្រវត្តិវិទូបារាំង និងម្នាក់ទៀត ជាអ្នកនិពន្ធជាតិសេណេហ្កាល់ ឲ្យសរសេររបាយការណ៍ មួយ ស្តីពីវត្ថុបុរាណ អាហ្វ្រិក ដែលមាននៅក្នុងទឹកដី បារាំង។ នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសបួគីណាហ្វាសូ នៅខែកញ្ញា ២០១៧ លោកប្រធានាធិបតី បារាំង បានប្រកាសក្តែងៗថា នៅក្នុងរយៈពេល ៥ឆ្នាំ លោកនឹងរៀបចំឲ្យមានការប្រគល់ ជាបណ្តោះអាសន្ន ឬជាស្ថាពរតែម្តង វត្ថុបុរាណ ដែលជាបេតិកភណ្ឌរបស់អាហ្វ្រិក ទៅឲ្យប្រទេសម្ចាស់ដើមវិញ។ លោកម៉ាក្រុងទទួលស្គាល់ថា វាមិនធម្មតាទេ ដែលវត្ថុបុរាណអាហ្វ្រិក បាត់មុខ សឹងទាំងស្រុង នៅលើទឹកដី អាហ្វ្រិកនោះ។
សារមន្ទីរQuai Branly មានវត្ថុបុរាណអាហ្វ្រិកច្រើនជាងគេនៅក្នុងរបាយការណ៍ ដែលបានធ្លាក់ដល់ដៃរបស់អ្នកកាសែត នៅមុនប្រធានាធិបតីបារាំង បានទទួលអានជាផ្លូវការទៅទៀតនោះ អ្នកជំនាញបានវាយតម្លៃថា ពី៨៥%ទៅ ៩០%នៃបេតិកភណ្ឌអាហ្វ្រិក ស្ថិតនៅក្រៅទ្វីបអាហ្វ្រិក។
វត្ថុបុរាណអាហ្វ្រិក រាប់សែនវត្ថុបុរាណត្រូវបានដឹកយកចេញពីទឹកដីអាហ្វ្រិក ពីសម័យអាណានិគម ចន្លោះពីឆ្នាំ ១៨៨៥ ដល់ឆ្នាំ ១៩៦០។ នៅបារាំង គេរកឃើញមានវត្ថុបុរាណអាហ្វ្រិក ជាង ៩ម៉ឺនវត្ថុបុរាណ ដែលកំពុងស្ថិតនៅក្នុងដៃគ្រប់គ្រងរបស់សារមន្ទីរដ្ឋបារាំង។ ជាក់ស្តែង គ្រាន់តែនៅក្នុងសារមន្ទីរQuai Branly តែមួយ នៅទីក្រុងប៉ារីស មានវត្ថុបុរាណអាហ្វ្រិកដល់ទៅ ៧ម៉ឺន ចំណែក ២ម៉ឺនផ្សេងទៀត បានក្លាយសម្បត្តិរបស់សារមន្ទីរ រដ្ឋ នៅតាមខេត្តផ្សេងទៀតរបស់បារាំង។
តាមអ្នកជំនាញ វត្ថុបុរាណអាហ្វ្រិកភាគច្រើន ដែលមាននៅតាមសារមន្ទីរបារាំង គឺជាវត្ថុបុរាណ ដែលបារាំងបានដឹកជញ្ជូន យក មក ក្នុងសម័យអាណានិគម។ នៅសារមន្ទីរ Quai Branly នៅកណ្តាលក្រុងប៉ារីស ដែលជាសារមន្ទីរផ្តោតពិសេសទៅលើវប្បធម៌ អាហ្វ្រិក វត្ថុបុរាណភាគច្រើន មានប្រភពមកពី ប្រទេសឆាត (៩ពាន់) បន្ទាប់គឺកាមេរូន ម៉ាដាហ្កាស្កា ម៉ាលី កូដឌីវ័រ បេណាំង ហ្កាបុង ឬកុងហ្គោជាដើម។
ក្រៅតែពីរាប់រកឃើញចំនួនវត្ថុបុរាណអាហ្វ្រិក ក្នុងទឹកដីបារាំង អ្នកជំនាញ បានកំណត់ផងដែរ ប្រភេទវត្ថុបុរាណ ដែលរដ្ឋបារាំងគួរប្រគល់ជូនឲ្យប្រទេសម្ចាស់ដើម នៅ អាហ្វ្រិកវិញ។ ទី១ គឺវត្ថុបុរាណ ដែលបារាំងបានរឹបអូសយកមកបាន ដោយសារការធ្វើសង្រ្គាម។ ទី២ គឺប្រភេទវត្ថុបុរាណដែលបានទាហាន រដ្ឋបាល ឬគ្រួសារបារាំងលួចនាំយកមក ក្នុងសម័យអាណានិគម។
ទី៣ គឺវត្ថុបុរាណ ដែលជនជាតិបារាំង បានទៅដឹកយកមក ឬទិញក្នុងតម្លៃថោក នៅក្នុងបេសកកម្មសិក្សាសា្រវជ្រាវ របស់ពួកគេ នៅសតវត្សរ៍ ទី២០ ហើយនិងទី៤ គឺវត្ថុបុរាណ ដែលបានមកដោយខុសច្បាប់ ទៅតាមការជួញដូរវត្ថុបុរាណ នៅក្រោយសម័យឯករាជ្យរបស់បណ្តាប្រទេស នៅអាហ្វ្រិក។
អ្នកជំនាញស្នើឲ្យកែប្រែច្បាប់ស្តីពីបេតិកភណ្ឌបារាំងច្បាប់បារាំងសព្វថ្ងៃហាមមិនឲ្យរដ្ឋាភិបាលបារាំង ប្រគល់វត្ថុបុរាណ ទៅឲ្យប្រទេសម្ចាស់ដើម ដែលដាក់ពាក្យទាមទារសុំយកវត្ថុបុរាណ ដែលបារាំងបានមក នៅក្នុងសម័យអាណានិគមនោះទេ ប៉ុន្តែ សម្រាប់អ្នកជំនាញ ម្ចាស់របាយការណ៍ខាងលើ ដើម្បី អាចប្រគល់វត្ថុបុរាណ ត្រលប់ទៅម្ចាស់ដើមវិញ ដោយសន្តិភាព រដ្ឋាភិបាលបារាំង ត្រូវតែកែប្រែច្បាប់ខាងលើនេះ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើវត្ថុបុរាណចំនួនប៉ុន្មានទេដែលរដ្ឋបារាំង ត្រូវប្រគល់ទៅឲ្យម្ចាស់ដើមវិញ។
ប៉ុន្តែ បើសិនរដ្ឋបារាំង ព្រមធ្វើតាមអ្នកជំនាញ ដែលបានស្នើឲ្យមានការប្រគល់ទៅឲ្យម្ចាស់ដើមវិញ នូវវត្ថុបុរាណទាំងឡាយណា ដែលបានមក ដោយការលួច ឬយកមកដោយគ្មានការសុំអនុញ្ញាតត្រឹមត្រូវពី ម្ចាស់ដើម នោះ គឺវត្ថុបុរាណអាហ្វ្រិក រាប់ម៉ឺន ដែលបារាំង ត្រូវប្រគល់ទៅប្រទេសម្ចាស់ដើមវិញ។ មួយវិញទៀត បើសិន លោកប្រធានាធិបតី ម៉ាក្រុងយល់ព្រមធ្វើតាមមែន វាគឺការចាប់ផ្តើមនៃការធ្វើបដិវត្តក្នុងពិភពវប្បធម៌ ហើយវានឹងអាចជះឥទ្ធិពលទៅលើប្រទេសម្ចាស់អាណានិគមផ្សេងទៀតដូចជាអង់គ្លេស បែលហ្សិក អាល្លឺម៉ង់ឬហូឡង់ជាដើម។
នៅពេលដែលបណ្តាប្រទេសអាហ្វ្រិកអាចរីករាយនឹងលទ្ធផលនៃរបាយការណ៍របស់អ្នកជំនាញ ប៉ុន្តែ គឺ រដ្ឋបារាំង ពោលគឺសារមន្ទីរជាតិបារាំង តែម្តង ដូចជាQuai Branly តែម្តង ដែលត្រូវ បោសអស់ពីឃ្លាំង ឬត្រូវបិទទ្វារតែម្តង ដោយសារតែលែងមានវត្ថុបុរាណអាហ្វ្រិកដាក់តាំង តទៅទៀត បើសិនជារដ្ឋបារាំងត្រូវប្រគល់វត្ថុបុរាណទៅឲ្យប្រទេសម្ចាស់ដើមមែនវិញនោះ។
ប៉ុន្តែ នៅពេលដែលសារមន្ទីរបារាំង ជួបវិបត្តិគ្មានវត្ថុបុរាណ អាហ្វ្រិកជាសម្បត្តិផ្ទាល់ខ្លួនទៀតនោះ ផ្ទុយទៅវិញ គឺមុខមាត់ កេរ្តិ៍ឈ្មោះ ដែលរដ្ឋបារាំងបានមកវិញ ក្នុងនាមជាប្រទេសដែលចេះទទួលខុសត្រូវ សុខចិត្តយល់ព្រមប្រគល់វត្ថុបុរាណ ដែលបានមកដោយការលួច ឬដោយគ្មានការយល់ព្រម ទៅឲ្យប្រទេសម្ចាស់ដើមវិញកម្ពុជាអាចមានសង្ឃឹមនឹងទទួលវត្ថុបុរាណរបស់ខ្លួនវិញ?
របាយការណ៍និយាយច្រើនពីវត្ថុបុរាណអាហ្វ្រិក ព្រោះកន្លងមក មានប្រទេសនៅអាហ្រ្វិកច្រើន ដូចជាបេណាំង សេណេហ្កាល់ ឬ នីហ្សេរីយ៉ាជាដើម បានដាក់តវ៉ា ទៅរដ្ឋបារាំងដើម្បីសុំយកវត្ថុបុរាណរបស់ពួកគេទៅវិញ។ ក្នុងករណីវត្ថុបុរាណខ្មែរ ដែលត្រូវបាននាំយកមកបារាំង តាំងពីសម័យអាណានិគម វិញ បើសិនច្បាប់ត្រូវបានកែប្រែទៅតាមការស្នើចង់បានរបស់ម្ចាស់របាយការណ៍ មែន នោះ វានឹងអាចបើកលទ្ធភាពច្រើនឲ្យប្រទេសខ្មែរ បានវត្ថុបុរាណរបស់ខ្លួនមកវិញ ដែរ ជាពិសេសចំពោះវត្ថុបុរាណណាដែលបានមកដោយ ខុសច្បាប់ នៅក្នុងសម័យដែលបារាំងធ្វើអាណានិគមទៅលើប្រទេសកម្ពុជា៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណ)
