តៃវ៉ាន់៖ បោះឆ្នោតឃុំសង្កាត់បរាជ័យបាក់មុខរបស់បក្សកាន់អំណាចដែលចង់បានឯករាជ្យពីចិន អ្នកគាំទ្ររបស់គណបក្សគួកមិញតាងនៅថ្ងៃឆ្នោតឃុំសង្កាត់ ថ្ងៃទី ២៣វិច្ឆិកា ២០១៨
គណបក្សរបស់លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតភូមិ ឃុំសង្កាត់ និងទីក្រុង កាលពីថ្ងៃសៅរ៍ទី ២៤វិច្ឆិកា។
នៅក្រោយការប្រកាសលទ្ធផលឆ្នោត ដែលបង្ហាញថា គណបក្សកាន់អំណាច បាត់បង់ក្រុង មកនៅត្រឹមតែ ៦ក្រុង (គណបក្សប្រឆាំង គួកមិញតាង បានទទួល ១៥ក្រុង) ប្រធានាធិបតី តៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន បានប្រកាសលាលែងចេញពីមុខតំណែងប្រធានបក្សកាន់អំណាច។ ទីក្រុងប៉េកាំងវិញ តាមរយៈកាសែតរដ្ឋចិន បានប្រកាសអបអរ ជ័យជំនះរបស់បក្សប្រឆាំងតៃវ៉ាន់ គណបក្សជាតិនិយមគួកម៉ិញតាង ដែលនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងប៉េកាំង។
លទ្ធផលឆ្នោត នៅថ្ងៃម្សិលមិញ បានបង្ហាញថា គណបក្សប្រឆាំង គឺគណបក្សជាតិនិយម គួកមិញតាង បានប្រមូលគ្រប់គ្រងទីក្រុងចំនួន ១៥ ក្នុងចំណោម ទីក្រុងសរុប ២២ ចំណែកបក្សកាន់អំណាចវិញ បានបាត់បង់សំលេងឆ្នោត យ៉ាងក្រាសក្រែល គឺបានតែ ៦ក្រុងប៉ុណ្ណោះ។ ហើយអ្វីដែលអាម៉ាស់បំផុតនោះ គឺគណបក្សកាន់អំណាច បានបរាជ័យខ្លាំង នៅតាមទីក្រុង ដែលខ្លួនធ្លាប់ ឈ្នះភ្លូកទឹកភ្លូកដី កាលពីការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ ២០១៦។
ការបោះឆ្នោត នៅថ្ងៃសៅរ៍ទី ២៤វិច្ឆិកា ជាការបោះឆ្នោតថ្នាក់មូលដ្ឋាន ប៉ុន្តែ វាមានសារៈសំខាន់ ឆ្លុះបញ្ចាំងឲ្យឃើញពីជំហរ និងការវាយតម្លៃរបស់ប្រជាជនតៃវ៉ាន់ ទៅលើគោលនយោបាយរបស់រដ្ឋាភិបាលតៃវ៉ាន់ គឺរដ្ឋាភិបាលរបស់លោកស្រី ឆៃ អ៊ីនវេន។ ដោយបោះឆ្នោតទម្លាក់បេក្ខជនរបស់បក្សកាន់អំណាចរបស់លោកស្រី ឆៃ អ៊ីងវេន ប្រជាជនតៃវ៉ាន់ ចង់ដាក់ពិន័យបក្សកាន់អំណាច និងចង់បញ្ជាក់ថា គេមិនសប្បាយចិត្តនឹងការដឹកនាំកន្លងមករបស់លោកស្រីប្រធានាធិបតី ឆៃ អ៊ីងវេននោះទេ។
នៅក្នុងសុន្ទរកថា ថ្លែងសុំលាលែងចេញពីមុខតំណែងប្រធានបក្សចម្រើនប្រជាធិបតេយ្យ លោកស្រី ឆៃ អ៊ីងវេន បានថ្លែងថា លោកស្រីសុំចេញមុខទទួលខុសត្រូវទាំងអស់ លើ បរាជ័យឆ្នោត នៅថ្ងៃសៅរ៍។ លោកស្រីបានថ្លែងសុំទោសដល់អ្នកគាំទ្រ ដែលបើតាមលោកស្រី គឺខកចិត្ត ដោយសារតែគណបក្សកាន់អំណាចមិនអាចឆ្លើយតបតាមការចង់បាន របស់ពួកគេ។
ចង់ ឬមិនចង់ លទ្ធផលឆ្នោតឃុំសង្កាត់ និងក្រុងលើកនេះ នឹងធ្វើឲ្យជោគវាសនា របស់លោកស្រីប្រធានាធិបតីតៃវ៉ាន់ កាន់តែមិនច្បាស់លាស់។ លោកស្រី ឆៃ អ៊ីងវេន ដែល គ្រោងនឹងឈរឈ្មោះសាជាថ្មី សម្រាប់ការបោះឆ្នោត ប្រធានាធិបតី នៅឆ្នាំ ២០២០ខាងមុខ។
លោកស្រីប្រធានាធិបតីតៃវ៉ាន់វិញ ជឿថា ក្រុងប៉េកាំង បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោត។ រដ្ឋាភិបាលបានបើកការស៊ើបអង្កេតទៅលើការលូកដៃរបស់ចិន នៅក្នុងការបោះឆ្នោត ឃុំសង្កាត់ នៅថ្ងៃសៅរ៍ ជាពិសេសទៅលើការផ្តល់ហិរញ្ញប្បទានដល់បេក្ខជនរបស់បក្សគួកមិញតាង បក្សប្រឆាំង ដែលនៅតែរក្សា ទំនាក់ទំនងជិតដិតជាមួយក្រុងប៉េកាំង។
ចិន៖ លទ្ធផលឆ្នោតបង្ហាញថា ប្រជាជនតៃវ៉ាន់ ចង់បានទំនាក់ទំនងសន្តិភាពជាមួយក្រុងប៉េកាំង
ហេតុផលសេដ្ឋកិច្ចដូចជាការកាត់បន្ថយប្រាក់សោធននិវត្ត ហើយនិងការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យ ជាហេតុផលសំខាន់មួយ ដែលធ្វើឲ្យប្រជាជនតៃវ៉ាន់ មិនសប្បាយចិត្តនឹងរដ្ឋាភិបាលដឹកនាំបក្សចម្រើនប្រជាធិបតេយ្យរបស់លោកស្រីឆៃ អ៊ីងវេន។ ប៉ុន្តែ ជាមួយគ្នានោះ ប្រជាជនតៃវ៉ាន់ វាយតម្លៃថា ជីវភាពរស់នៅ និងជំនួញរបស់ពួកគេ បានរងប៉ះពាល់ខ្លាំង ដោយសារតែទំនាក់ទំនងសេដ្ឋកិច្ចតៃវ៉ាន់ និងចិន ដែលចាប់ធ្លាក់ចុះ ល្អក់កករ ចាប់តាំងពីលោកស្រី ឆៃ អ៊ីងវេន មកពីគណបក្សមាននិន្នាការទាមទារឯករាជ្យ ឈ្នះឆ្នោត ចូលដឹកនាំរដ្ឋាភិបាលតៃវ៉ាន់។
ចាប់តាំងពីលោកស្រី ឆៃ អ៊ីងវេន មកពីគណបក្សចម្រើនប្រជាធិបតេយ្យ ចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ ទីក្រុងប៉េកាំង ឈប់ធ្វើការជាមួយរដ្ឋាភិបាលរបស់លោកស្រីឆៃ អ៊ីងវេន។ មកពីគណបក្សដែលធ្លាប់ចង់បានឯករាជ្យឲ្យតៃវ៉ាន់ លោកស្រី ប្រធានាធិបតីតៃវ៉ាន់ បានបដិសេធរហូតមកការប្រកាសទាមទាររបស់ចិន ដែលថា តៃវ៉ាន់ជាដែនដីកោះរបស់ចិន ពោលគឺខុសពីមេដឹកនាំតៃវ៉ាន់មុន គឺលោក ម៉ា យីងចូវមកពីគណបក្សគួកមិញតាង។
ជាលទ្ធផល ចិនបានដាក់សម្ពាធគ្រប់បែបយ៉ាង មិនថា តាមផ្លូវសេដ្ឋកិច្ច ឬនយោបាយការការបរទេស ទៅលើកោះតៃវ៉ាន់។ ប្រទេសចិន ដែលប្រកាសទាមទារតៃវ៉ាន់ ជាដែនដីកោះរបស់ខ្លួន បានកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយតៃវ៉ាន់ និងប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬប្រទេសណា ដែលមិនទទួលស្គាល់តៃវ៉ាន់ ជាដីកោះរបស់ចិន។
ដោយសារតែការដាក់សម្ពាធរបស់ចិន តៃវ៉ាន់ បានបាត់បង់មិនត្រឹមតែ ប្រយោជន៍សេដ្ឋកិច្ច ដូចជាភ្ញៀវទេសចរចិន ទៅតៃវ៉ាន់តែប៉ុណ្ណោះទេ ប៉ុន្តែ តៃវ៉ាន់នៅ បានបាត់បង់ប្រទេសសម្ព័ន្ធមិត្ត ដែលបានរត់ចោលតៃវ៉ាន់ ទៅទទួលស្គាល់ចិនតែមួយវិញ។
បរាជ័យរបស់បក្សកាន់អំណាច លើកនេះ បញ្ជាក់ឲ្យឃើញថា នយោបាយដាក់ទណ្ឌកម្មរបស់ចិន ទៅលើកោះតៃវ៉ាន់ មានប្រសិទ្ធិភាព។ មួយវិញទៀត វាបានទៅបំបាក់មុខមាត់របស់លោកស្រីឆៃ អ៊ីងវេន ផ្ទាល់តែម្តង។ នៅមុនការបោះឆ្នោត នៅថ្ងៃសៅរ៍ លោកស្រី ឆៃ អ៊ីងវេន ធ្លាប់បានប្រកាសចាត់ទុកការបោះឆ្នោតឃុំសង្កាត់លើកនេះ ថា ជាលទ្ធិប្រជាធិបតេយ្យដ៏សំខាន់ នៅតៃវ៉ាន់ ដែលខុសពីចិនដីគោក ល្បីខាង គាបសង្កត់ បិទសិទ្ធិសេរីភាព។
បោះឆ្នោត គាំទ្រគណបក្សជាតិនិយម គួកមិញតាង ដែលមាននិន្នាកាទៅរកចិន តើប្រជាជនតៃវ៉ាន់ លែងចង់បានឯករាជ្យ?
ប្រជាជនតៃវ៉ាន់ បោះឆ្នោត គាំទ្រគណបក្សគួកមិញតាង ដែលមាននិន្នាការងាកទៅជិតស្និទ្ធិជាមួយ ចិន ប៉ុន្តែ មិនមែន មានន័យថា ពួកគេចង់ឲ្យតៃវ៉ាន់ ទៅស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់ចិននោះទេ។ ជាក់ស្តែង គណបក្សគួកមិញតាង បានចាញ់ឆ្នោតប្រធានាធិបតី កាលពីឆ្នាំ ២០១៦ រហូតធ្វើឲ្យគណបក្សរបស់លោកស្រីឆៃ អ៊ីងវេន ឈ្នះឆ្នោត ក៏ដោយសារតែគណបក្សគួកមិញតាង ត្រូវបានប្រជាជនវាយតម្លៃថា មាននិន្នាការ រណបក្រុងប៉េកាំងជ្រុលពេក។
ប្រជាជនតៃវ៉ាន់ មិនចង់ឲ្យតៃវ៉ាន់ ធ្លាក់ទៅក្នុងដៃរបស់ចិន ក៏ប៉ុន្តែ ជាមួយគ្នានោះ ពួកគេក៏មិនចង់មានជម្លោះ ជាមួយចិន ដែលធ្វើឲ្យខូចឆ្នាំងបាយ ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់តៃវ៉ាន់ដែរ។ ដោយចង់បន្តនយោបាយដូចមុន គឺ មិនចង់រំលឹកនិយាយខ្លាំងពីបញ្ហាឯករាជ្យដែលនឹងធ្វើប្រទេសចិន ខឹង ក្តៅក្រហាយ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតៃវ៉ាន់ ប្រជាជនតៃវ៉ាន់ ផ្តោតសំខាន់ចង់បានប្រយោជន៍សេដ្ឋកិច្ច។
ទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច អាចសិក្សាទាញយកបទពិសោធន៍ពីការបោះឆ្នោតលើកនេះ សម្រាប់ឈ្នះឆ្នោត នៅក្នុងការបោះឆ្នោត ប្រធានាធិបតីខាងមុខ។ ពោលគឺដើម្បីបំពេញតម្រូវការ បំពេញចិត្តប្រជាជនតៃវ៉ាន់ ដែលចង់បានប្រធានាធិបតីមួយ មេដឹកនាំមួយ ដែលមិនប្រកាសចំហរធ្វើសង្រ្គាមជាមួយចិន ប៉ុន្តែ ក៏មិនត្រូវស្ថិតនៅក្រោមរណបខ្លាំងរបស់ចិនដែរ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)