កណ្ដាល៖ បុរសជាមេជាងស្ទូចផ្ទះម្នាក់ ត្រូវបានផ្ទះក្បឿងរលំសង្កត់ស្លាប់នៅកន្លែង បន្ទាប់ពីរូបគាត់នាំកូនជាងស្ទូចផ្ទះ ហើយភ្លាត់ស្នៀតរលំបាក់រៀបដល់ដី។
ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៨។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ យ៉ុន យួន ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងស្ទូចផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៩.១១.២០១៨ ជនរងគ្រោះ និងកូនជាងជាច្រើននាក់
បានទៅម៉ៅការ ស្ទូចផ្ទះឲ្យឈ្មោះ ស្រេង វ៉ា ភេទ ប្រុស អាយុ ៧០ ឆ្នាំ មានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។
លុះដល់ថ្ងៃទី២៥.១១.២០១៨ វេលាម៉ោង៧:០០ នាទីព្រឹក ជនរងគ្រោះ និងកូនជាងជាច្រើននាក់បានធ្វើការ ស្ទូចផ្ទះបន្តទៀត ហើយបានកាត់ជើងសរសរផ្ទះចេញ។
រហូតដល់វេលាម៉ោង៣ រសៀលថ្ងៃដដែល ពួកគេកំពុងតែស្ទូចផ្ទះនោះ ដូចធម្មតា ដោយភ្លេចមើល ថាផ្ទះ កំពុងផ្អៀងមួយចំហៀង។
ភ្លាមនោះជនរងគ្រោះជាមេជាងឃើញ បានរត់ទៅមួល ជន្ទល់ដែលធ្វើពីដែក ទ្រផ្ទះនោះ តែពេលនោះ ផ្ទះក៏រលំសង្កត់ ជនរងគ្រោះចំចង្កេះ និងឆ្អឹងជំនី បណ្តាលឲ្យជាប់ស្លាប់នៅកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុពលរដ្ឋអ្នកជិតខាង បានជួយគាស់យកសព ចេញ ហើយសមត្ថកិច្ចបានចុះពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទដោយ ទេព វណ្ណះ)