ឥណ្ឌាមិនអាចឈប់​នាំចូលប្រេងទាំងស្រុង​ពីអ៊ីរ៉ង់​ តបតាម​ទណ្ឌកម្មរបស់​សហរដ្ឋអាមេរិក​ឡើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឥណ្ឌាមិនអាចឈប់​នាំចូលប្រេងទាំងស្រុង​ពីអ៊ីរ៉ង់​ តបតាម​ទណ្ឌកម្មរបស់​សហរដ្ឋអាមេរិក​ឡើយ!

23/11/2018
(ញូដេលី)៖ ទោះបីជាទណ្ឌកម្ម​សហរដ្ឋអាមេរិក ទៅលើវិស័យចាំ​ចេញប្រេងអ៊ីរ៉ង់​ត្រូវបាន​ប្រកាសចេញមួយរយៈ​ទៅហើយក្តី ក៏បណ្តាប្រទេស​មួយចំនួន​នៅអឺរ៉ុប និងអាស៊ី​​ហាក់​មិនបាន​បង្ហាញសញ្ញាថា នឹងអនុវត្តន៍តាមការ​ចង់បានរបស់​អាមេរិក ដោយឈប់នាំ​ចូលប្រេង​ទាំងស្រុង​ពីប្រទេសអ៊ីរ៉ង់​នោះឡើយ តួយ៉ាងដូចជា​ប្រទេសឥណ្ឌា ដែលកំពុងនាំ​ចូលប្រេងឆៅពីអ៊ីរ៉ង់​ដដែល និងមានការកើន​ឡើងជាងមុន​ថែមទៀត។ នេះបើតាមការ​ចេញផ្សាយ​ដោយ Sputnik នារសៀល​ថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមទិន្នន័យ​ពីក្រសួងរបស់ឥណ្ឌា ការនាំចូលប្រេងឆៅ​របស់ប្រទេសមហាយក្ស​លេខ ២ ប្រចាំទ្វីបអាស៊ី​មួយនេះ បានកើនឡើង​រហូតដល់ ៣៩ភាគរយ ក្នុងចំនួន​ទឹកប្រាក់ ១៥.០៥លានតោន​ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០១៨ បើធៀបនឹង​រយៈពេល​ដូចគ្នាកាលពី​ឆ្នាំ២០១៧ ដែលមាន​ទំហំតែ ១០.៨៤លានតោន​ប៉ុណ្ណោះ។
ទោះបីជា​បែបនេះក្តី ក៏ឥណ្ឌានៅតែត្រូវអនុវត្តន៍​តាមខ្លះៗប៉ុណ្ណោះ ទៅតាមទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើប្រទេសអ៊ីរ៉ង់ ប៉ុន្តែត្រូវរង់ចាំ​រហូតដល់ចប់កិច្ចព្រមព្រៀង​ទិញ​ជាប្រចាំ​ឆ្នាំ សម្រាប់ឆ្នាំ​សារពើពន្ធពី​ខែមីនា ឆ្នាំ២០១៨ ដល់​ខែមីនា ឆ្នាំ២០១៩ ជាមុនសិន។ ដូច្នេះ​ឥណ្ឌានៅ​តែបន្តនាំចូលប្រេងពី​អ៊ីរ៉ង់ប្រមាណ ១៨០,០០០បារ៉ែល​ក្នុងមួយថ្ងៃ រហូតដល់​ពេល​បញ្ចប់កិច្ចសន្យា​នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា៖ បើតាមមន្ត្រីរដ្ឋាភិបាល​ឥណ្ឌាម្នាក់សុំមិន​បញ្ចេញឈ្មោះ បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ឥណ្ឌាមិនអាច​ធ្វើតាមទណ្ឌកម្មរបស់​សហរដ្ឋអាមេរិក ដោយបិទ​ការនាំ​ចូលប្រេង​ពីប្រទេសអ៊ីរ៉ង់ទាំងស្រុង​នោះឡើយ ព្រោះតែតម្រូវការ​ចាំបាច់នៅ​ក្នុងស្រុក មិនអាចឲ្យ​ឥណ្ឌាទៅរកទីផ្សារ​ណាផ្សេង មកផ្គត់ផ្គង់​បាននោះ​ឡើយ។ អ៊ីរ៉ង់គឺពិត​ជាសំខាន់​ណាស់​សម្រាប់តម្រូវការថាមពលឥណ្ឌា ហើយវា​នឹងនៅតែបែបនេះ​តទៅថ្ងៃអនាគត៕