លោក ហ៊ុន ម៉ានី ឆ្លើយតបសំណួររបស់នាយករដ្ឋមន្រ្តីសឹង្ហបុរី៖ «ការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ​ ទើបជាការត្រឹមត្រូវ កម្ពុជា​ស្វាគមន៏គ្រប់មិត្តទាំងអស់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន ម៉ានី ឆ្លើយតបសំណួររបស់នាយករដ្ឋមន្រ្តីសឹង្ហបុរី៖ «ការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ​ ទើបជាការត្រឹមត្រូវ កម្ពុជា​ស្វាគមន៏គ្រប់មិត្តទាំងអស់»

23/11/2018
(ភ្នំពេញ)៖ «ចុងបញ្ចប់​ វាមិនមែនជាការដែលត្រូវជ្រើសរើសមិត្តនេះ​ឬមិត្តនោះទេ​ ពោលគឺជាការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ​ ទើបជាការត្រឹមត្រូវ...​ ជាគោលការណ៏កម្ពុជា​ស្វាគមន៏គ្រប់មិត្តទាំងអស់» ប្រយោគសំខាន់មួយឃ្លានេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ អ្នកនយោបាយ​ ប្រធានក្រុមហ៊ុនធំៗ​ សាស្រ្តាចារ្យ​ល្បីៗជាច្រើនរូបនៅក្នុង វេទិកាសន្និសីទអន្តរជាតិមួយស្តីពី «អាស៉ីក្នុងភាពប្រែប្រួល៖ កម្ពុជា និងអាស៊ាន» ដែលរៀបចំឡើងដោយសារព័ត៌មានដ៏ល្បីរបស់ថៃ Bangkok Post នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមប្រមាណ៥០០នាក់ នាទីក្រុងបាងកក ប្រទេសថៃ។
ការលើកឡើងនូវចម្លើយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា និងជាកូនប្រុសរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា ខាងលើនេះ ឆ្លើយតបនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី សឹង្ហបុរី ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នាពេលថ្មីៗនេះថា «អាស៊ានប្រហែលជាត្រូវដល់ចំណុចមួយ ដែលត្រូវជ្រើសរើសមហាអំណាចណាមួយ​ រវាងមហាអំណាចទាំងពីរ​គឺ​ ចិន​ និងអាមេរិក»
លោក ហ៊ុន ម៉ានី បានបង្ហាញខ្លឹមសារតាមរយៈ Facebook ផ្លូវការរបស់លោកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «នៅក្នុងសាលសន្និសីទ​ ដែលមានមនុស្សប្រមាណ​៥០០​នាក់​ ដែលសុទ្ធសឹងតែជាអ្នកនយោបាយ​ ប្រធានក្រុមហ៊ុនធំៗ​ សាស្រ្តាចារ្យ​ល្បីៗ​ ខ្ញុំបាននិយាយយឺត ​និងច្បាស់ៗពីការយល់ ឃើញរបស់ខ្ញុំ​ចំពោះដំណើរវិវឌ្ឍរបស់កម្ពុជា​ (ជាលក្ខណ:ដោយឡែក) និងអាស៊ាន​ (ជារួម)។
បាឋកថារបស់ខ្ញុំ​ បានបញ្ចប់ជាមួយនឹងសំឡេងសាទរ​ មុនពេលចូលដល់វគ្គសំណួរ​ និងចម្លើយ។ សំណួរមួយក្នុងចំណោមសំណួរជាច្រើនទៀត​ បានលើកឡើងពីចំណុចក្នុងបាឋកថា​ ដែលខ្ញុំបានដកស្រង់សំដី​លោកនាយករដ្ឋមន្រ្តីសឹង្ហបុរី​ ថ្លែងក្នុងពេលថ្មីៗនេះ​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣​ ថា​ «អាស៊ានប្រហែលជាត្រូវដល់ចំណុចមួយដែលត្រូវជ្រើសរើស មហាអំណាចណាមួយ​ រវាងមហាអំណាចទាំងពីរ​គឺ​ ចិន​ និងអាមេរិក»។ សំណួរនោះគឺមានបំណងចង់ដឹងពីជំហរផ្ទាល់ខ្លួនរបស់ខ្ញុំទាក់ទឹននឹងបញ្ហានេះ។ ជាការឆ្លើយតប​ខ្ញុំបានលើក ឡើងថា​ "ចុងបញ្ចប់​ វាមិនមែនជាការដែលត្រូវជ្រើសរើសមិត្តនេះ​ ឬមិត្តនោះទេ​ ពោលគឺជាការជ្រើសរើសប្រយោជន៏ជាតិទៅវិញទេ​ ទើបជាការត្រឹមត្រូវ...​ ជាគោលការណ៏ កម្ពុជា​ស្វាគមន៏គ្រប់មិត្តទាំងអស់"។ ខ្ញុំក៏ឆ្លើយបានច្បាស់ដែរចំពោះសំណួរនេះ​។​ សូមរង់ចាំតាមដា​នវីដេអូនៃបាឋកថារបស់ខ្ញុំ​ នៅពេលបន្ទាប់»

លើសពីនោះទៅទៀត នៅក្នុងបបាឋកថារបស់លោក ហ៊ុន ម៉ានី ក្នុងវេទិការអន្តរជាតិនោះ បានផ្តោតសំខាន់លើបីចំណុច៖​
១).​ ដំណើរវិវឌ្ឍរបស់កម្ពុជា​ ក្រោយពីរបបប្រល័យពូជសាសន៍
២).​ កម្ពុជា​ក្នុងបរិបទអាស៊ាន៖​ ឱកាស​ និងតួនាទីកម្ពុជាក្នុងតំបន់​ និង
៣).​ តើថ្នាក់ដឹកនាំអាស៊ាន​ (ថ្នាក់ដឹកនាំជំនាន់ក្រោយ)​ ត្រូវធ្វើយ៉ាងណាដើម្បីត្រៀមខ្លួនទទួលយកការផ្លាស់ប្តូរ​ ជាពិសេសក្នុងសេដ្ឋកិច្ចឌីជីថល និងវិស័យបច្ចេកវិទ្យាព័ត៌មាន។
ពិសេសទៀតនោះលោក ហ៊ុន ម៉ានី បានផ្តោតសំខាន់លើសមត្ថភាពថ្នាក់ដឹកនាំជំនាន់ក្រោយ​​ ក្នុងការយល់ច្បាស់ពីទំហំនៃការផ្លាស់ប្តូរនាថ្ងៃអនាគត​ ត្រៀមខ្លួន​ (ក៏ដូចជាគោលនយោបាយ)​ ក្នុងការទទួលយកការផ្លាស់ប្តូរ​ (និងកែប្រែការផ្លាស់ប្តូរទាំងនោះឲ្យមានភាពវិជ្ជមាន​)​ និងបន្តធ្វើការជាក្រុម​ (ASEAN Centrality) ដោយផ្តោតទៅលើចំណុចអាទិភាពរួម ដែលជាប្រយោជន៏របស់តំបន់​ (ប៉ុន្តែបន្តគោរពភាពផ្សេងគ្នាដែលមាននៅក្នុងប្រទេសដែលជាសមាជិកនីមួយៗ)។
នៅចុងបញ្ចប់នៃបាឋកថារបស់លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវអ្វីដែលយើងកំពុងមាន​ បង្កើតចំនុចអាទិភាពក្នុងការអនុវត្តសម្រាប់ថ្ងៃអនាគត​ សិក្សាលើលទ្ធភាព​ និងជម្រើសដែលមានលក្ខណ:ប្រសើរ​។ ពិតណាស់​ ការទស្សទាយពីអនាគតដ៏ត្រឹមត្រូវមួយ​ ពឹងផ្អែកសំខាន់លើអ្វីដែលកំ​ពុងកើតមានក្នុងពេលបច្ចុប្បន្ន​ ប៉ុន្តែការសម្រេចបាននូវអនាគតដ៏ត្រចះត្រចង់នោះទាមទារនូវការយល់ពីអ្វីដែលខ្លួនកំពុងមាន​ ដែលជាលទ្ធផលនៃអតីតកាល​៕


ប្រភព៖ Fresh News