លោក ដូណាល់ ត្រាំ គាំទ្រសេចក្តី​ព្រាងច្បាប់សភា​ ដើម្បីដាក់ទណ្ឌកម្ម​អារ៉ាប៊ីសាអូឌីត ប៉ុន្តែសេតវិមាន​ក៏បានចាត់ការរឿងនេះ​គ្រប់គ្រាន់​ហើយដែរ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ គាំទ្រសេចក្តី​ព្រាងច្បាប់សភា​ ដើម្បីដាក់ទណ្ឌកម្ម​អារ៉ាប៊ីសាអូឌីត ប៉ុន្តែសេតវិមាន​ក៏បានចាត់ការរឿងនេះ​គ្រប់គ្រាន់​ហើយដែរ!

22/11/2018
(អាមេរិក)៖ នៅក្នុងកិច្ចសម្ភាសន៍​មួយតាមរយៈវិទ្យុ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានលើកឡើងថា សេតវិមានគាំទ្រសភាចំពោះការរៀបចំ​ដាក់ទណ្ឌកម្មលើទីក្រុង​រីយ៉ាដ ក្រោយពីបានរកឃើញថា​សម្ព័ន្ធមិត្តខ្លួនមួយនេះ ពិតជាមានជាប់ពាក់ព័ន្ធ​រឿងក្តីឃាតកម្ម​ដ៏សាហាវព្រៃផ្សៃ​ទៅលើអ្នកកាសែត Washington Post លោក Jamal Khashoggi។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Pompeo បានថ្លែងតាមរលកសំឡេងនៃវិទ្យុអាមេរិក KMOX យ៉ាងដូច្នេះថា «រដ្ឋបាល​ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្ហាញការស្វាគមន៍​ចំពោះសេចក្តីព្រាងច្បាប់ នៃសភាជុំវិញទណ្ឌកម្ម​ដែលត្រូវដាក់លើ​ទីក្រុងរីយ៉ាដ ប៉ុន្តែខ្ញុំគិតថា​អ្វីដែលបាន​សម្រេច​កន្លងមកនោះ គឺវាគ្រប់គ្រាន់ហើយ...»។ ការបញ្ជាក់ថា អ្វីដែលបាន​សម្រេចកន្លងមក​គឺគ្រប់គ្រាន់​នោះ គឺលោក Pompeo ចង់សំដៅទៅលើ​ចំណាត់ការរបស់​សេតវិមាន ដែលបានឆ្លើយតប​កន្លង​មករួចទៅហើយទៅកាន់​អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធទៅនឹងការសម្លាប់អ្នកកាសែត Khashoggi។
គួរបញ្ជាក់ថា៖ គេនៅមិនទាន់ដឹងថាតើសមាជិកសភាអាមេរិកទាំងអស់ បានសម្រេចដាក់ទណ្ឌកម្ម​អ្វីខ្លះទៅលើទីក្រុងរីយ៉ាដ នៅក្នុងសេចក្តីព្រាងច្បាប់របស់​ពួកគេនោះឡើយ ប៉ុន្តែក្នុងនាមជា​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការ​ស្វាគមន៍ និងអះអាងថា ដើម្បីសន្តិសុខជាតិ​អាមេរិក រដ្ឋបាលរបស់លោករីករាយ​នឹងគាំទ្រ​ការសម្រេចពីសមាជិកសភាទាំងអស់។
សម្រាប់ទណ្ឌកម្ម​ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចេញ​កាលពីពេលថ្មីៗនេះ គឺការដាក់ទណ្ឌកម្ម​លើបុគ្គលចំនួន ១៧រូប ដែលពួកគេមួយ​ចំនួនគឺជាមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាល​អារ៉ាប៊ូសាអូឌីត។ បន្ថែមពីនេះ​រដ្ឋបាលលោក ត្រាំ ក៏បានមើលឃើញ​​ការផ្លាស់​ប្តូរ​ដោយភាពវិជ្ជមាន​ពីសំណាក់អារ៉ាប៊ីសាអូឌីត​ផងដែរ ជុំវិញករណីធ្វើឃាត​អ្នកកាសែតនោះ៕