នារសៀលថ្ងៃពុធទី ២១ខែវិច្ឆិការនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់អាស៊ានបានបង្ហោះសារអបអរសាទរពិធីបុណ្យអុំទូកដែលកំពុងប្រារព្ធឡើងក្នុងប្រទេសកម្ពុជា។
សារក្នុងទំព័រផ្លូវការរបស់អាស៊ានសរសេរថា "ថ្ងៃនេះ មិត្តភ័ក្ដិកម្ពុជារបស់យើង កំពុងចាប់ផ្ដើមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យដ៏សំខាន់បំផុតមួយក្នុងប្រទេស។ ប្រជាជនកម្ពុជារាប់ម៉ឺន បានឈប់សម្រាកដើម្បីប្រារព្ធពិធីនេះ រួមមានការប្រណាំងទូកវែង, ការប្រគុំតន្ត្រី, ការបាញ់កាំជ្រួច និងការជួបជុំគ្នារយៈពេលបីថ្ងៃ" ។
គួរបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ចាប់ផ្តើមឡើងជាផ្លូវការ នៅម៉ោងប្រមាណ ១១ព្រឹកនេះ។ នៅឆ្នាំនេះទូកចំនួនជិត៣០០ទូកបានមកចូលរួមប្រកួតប្រជែងគ្នា មកពីគ្រប់២៥ រាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។ តាមការឲ្យដឹងពីគណៈកម្មាធិការរៀបចំបុណ្យជាតិ កីឡាករដែលចូលរួមប្រណាំងទូក មានចំនួនប្រមាណជាង២ម៉ឺននាក់៕
ប្រភព៖ ASEAN
