សហរដ្ឋអាមេរិក៖ អ្នកចូលមក​តាមច្រកត្រឹមត្រូវ នឹងទទួលបាន​សិទ្ធិជ្រកកោណ​ស្របច្បាប់... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក៖ អ្នកចូលមក​តាមច្រកត្រឹមត្រូវ នឹងទទួលបាន​សិទ្ធិជ្រកកោណ​ស្របច្បាប់...

21/11/2018
(អាមេរិក)៖ សេតវិមានអាមេរិក​ក្នុងសប្តាហ៍នេះ នៅតែបញ្ជាក់ជាថ្មីម្តងទៀត​អំពី​ជំហរ​រឹត​បន្តឹង​លំហូរចូលនៃជនស្វែងរក​សិទ្ធិជ្រកកោណ មកពីតំបន់អាមេរិកកណ្តាល និងអាមេរិកឡាទីន ដោយបទបញ្ជាថ្មី​របស់លោក ដូណាល់ ត្រាំ ដែលបានកាលពីដើមខែនេះ​តម្រូវឲ្យ​ជនភៀស​ខ្លួនទាំងអស់ ចូលមកសហរដ្ឋអាមេរិក​ដោយស្របច្បាប់។ នេះបើតាមការ​ចេញផ្សាយដោយ​ Sputnik នាព្រឹកថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជុំវិញបញ្ហាខាង​លើនេះ អ្នកនាំពាក្យសេតវិមាន​អាមេរិក Sarah Sanders បានបញ្ជាក់​នៅថ្ងៃអង្គារ​សប្តាហ៍នេះថា «យើងចេញសកម្មភាព​ទាំងឡាយដែលអាចទៅរួច ដើម្បី​ការពារ​ជំហរតាមផ្លូវច្បាប់​របស់យើង ឆ្លើយតបទៅនឹងវិបត្តិ​នៅព្រំដែនភាគខាងត្បូង​អាមេរិក...»។ ការថ្លែងបែបនេះ​ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការ​អាមេរិក​បានចេញនូវសេចក្តី​សម្រេចមួយ ដោយហាមឃាត់​ជាបណ្តោះអាសន្ន នូវបទបញ្ជាថ្មី​របស់ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹង​ជនភៀសខ្លួនសុំសិទ្ធិជ្រកកោណនៅអាមេរិក។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានចេញនូវបទ​បញ្ជាមួយដោយ​សម្រេចថា អាមេរិកនឹងមិនផ្តល់សិទ្ធិ​ជ្រកកោណស្របច្បាប់ ទៅដល់ជនភៀស​ខ្លួនទាំងឡាយណា​ដែលមិនបានចូលមកក្នុងទឹក​ដីអាមេរិក តាមច្រកព្រំដែន​ត្រឹមត្រូវ ឬដោយស្របច្បាប់ ហើយមានតែ​អ្នកចូលមកតាមផ្លូវត្រឹមត្រូវ​ប៉ុណ្ណោះ ទើបមាន​សិទ្ធិជ្រកកោណ​ដោយស្របច្បាប់ ប៉ុន្តែតុលាការ​អាមេរិកបានសម្រេចឲ្យផ្អាកបទបញ្ជានេះទៅវិញ។
ច្បាប់ថ្មីខាងលើនេះ ត្រូវបានប្រកាសចេញជាផ្លូវការនៅថ្ងៃទី១០ ខែវិច្ឆិកា ដែលវានឹងស្ថិតនៅ​ក្នុងការអនុវត្តន៍រហូតដល់រយៈពេល ៣ខែ ឬក៏រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបាន​សម្រេចចេញ​ ដែលអនុញ្ញាតឲ្យអាមេរិកបណ្តេញជនភៀសខ្លួនខុសច្បាប់ទាំងឡាយ ចេញតាមច្រកព្រំដែនជាមួយមិចស៊ីកូវិញ។ ទោះបីជាតុលាការ​បានចេញសេចក្តីសម្រេច​ច្រាន​ចោលបទបញ្ជាខាងលើនេះក្តី តែសេចក្តីសម្រេចនេះនឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១៩ ខែធ្នូ តទៅប៉ុណ្ណោះ៕