សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថាឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំក៏ត្រូវតែធ្វើ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថាឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំក៏ត្រូវតែធ្វើ

20/11/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងនាមជាមេដឹកនាំប្រទេសរយៈពេលជាង ៣០ឆ្នាំមកនេះ។ ក្នុងនោះសម្តេចបានសង្កត់ធ្ងន់ថា ដើម្បីអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថាឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំក៏ត្រូវតែធ្វើដែរ ដោយគ្មានការរួញរានោះឡើយ។

សម្តេចតេជោ បានលើកឡើងលើ Facebook នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះថា នៅក្នុងជីវិតនយោបាយរបស់សម្តេច សម្តេចបានគូសដៅទុកគ្រប់ជំហាន គ្រប់សេណារីយ៉ូ។ គំនូសផ្លូវដើរទាំងប៉ុន្មាន គ្មាននរណាអាចស្មានដឹងឡើយ សូម្បីតែអ្នកជំនិតដែលដើរជាមួយតាំងពីសម័យសង្គ្រាម។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា បើទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថាឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំ ក៏ត្រូវតែធ្វើ។

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

សួស្ដីក្មួយៗ ចៅៗ និងជនរួមជាតិទាំងឡាយ
ស្អែកនេះជាថ្ងៃបុណ្យអ៊ុទូកហើយ។ ឆ្នាំនេះកំពស់ទឹកមិនខ្ពស់ពេក ក៏មិនទាបពេក ល្មមអាចឱ្យយើងប្រារព្ធពិធីបុណ្យអ៊ុទូកបាន។ ចំពោះក្មួយៗចៅៗ ជំនាន់ក្រោយ តើចៅៗក្មួយៗដឹងទេថា ហេតុអ្វីយើងធ្វើបុណ្យអ៊ុទូកនៅខែទឹកស្រក ហើយយើងអ៊ុពីខាងស្ពានជ្រោយចង្វា មកវេទិការនៅមុខព្រះបរមរាជវាំង? បងប្អូន ក្មួយៗ ចៅៗ អាចគិតថា ដោយនេះជាការចៃដន្យ ដែលអ្នករៀបចំធ្វើដូច្នេះតាំងពីដើមមក។ តើវាគ្រាន់តែជាទម្លាប់ទេឬអី?

តាមពិត បើក្មួយៗចៅៗធ្លាប់ឮពាក្យថា «រុញទូកបណ្ដោយទឹក» នោះចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់។ ហើយបើក្មួយៗចៅៗ ធ្លាប់អ៊ុ ឬចែវទូកទៀតនោះ ទើបក្មួយៗចៅៗ យល់កាន់តែច្បាស់ថា វាហត់ប៉ុណ្ណាដែលត្រូវអ៊ុ ឬចែវទូក រាប់យោជ...។

ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយក៏ដូច្នេះដែរ។ ថ្ងៃនេះខ្ញុំសូមចែករំលែកមេរៀន Leadership ជូនក្មួយៗចៅៗខ្លះ ក្រែងមានក្មួយៗចៅៗខ្លះអាចយកទៅប្រើការបានជាប្រយោជន៍ សម្រាប់ខ្លួន និងសង្គមជាតិកម្ពុជាយើង។ មេរៀននេះប្រហែលជារកមិនឃើញក្នុងសៀវភៅឡើយ។

មានកាលៈទេសៈច្រើនណាស់នៅក្នុងជីវិតដឹកនាំដែលយើងត្រូវប្រើវិធីសាស្រ្ត រុញទូកបណ្ដោយទឹក។ ប៉ុន្តែមានកត្តា២ ដែលក្មួយៗចៅៗត្រូវដឹង៖
  • ទី១ តើពេលណា ត្រូវរុញបណ្ដោយទឹក ? តើពេលណាត្រូវចាំសិនទម្រាំខ្សែទឹកឡើងគ្រប់ល្បឿន ?
  • ទី២ ទោះជារុញទូកបណ្ដោយទឹកក្តី តែចង្កូត យើងជាអ្នកកាន់ ហើយត្រូវកាន់ឱ្យជាប់ និងមានទស្សនវិស័យវែងឆ្ងាយ ដើម្បីបត់បែនទូកឱ្យទៅដល់គោលដៅដែលបានប្រមើលទុកជាមុន។
កត្តាទាំងពីរនេះសំខាន់ណាស់ ដូចជាកត្តាទី១គឺពេលវេលា។ ពេលវេលាជាឱកាស មនុស្សឆ្លាត ចេះមើលឱកាស ចេះប្រើឱកាស និងចេះបង្តើតឱកាស។ បើរុញទូកបណ្ដោយទឹកពេលទឹកឡើងខ្លាំង ឬព្យុះភ្លៀងនេះទូកនឹងលិច។

ចំពោះកត្តាទី២ មិនត្រូវរុញទូកតាមខ្សែទឹកដោយគ្មានគោលដៅនោះទេ។ មានក្មួយៗចៅៗ មួយចំនួនបានសម្រេចចិត្តចាប់យកមុខវិជ្ជានៅថ្នាក់ឧត្តមសិក្សា ឬជំនាញវិជ្ជាជីវៈខ្លះតាមរបៀបរុញទូកបណ្ដោយទឹកតែមិនកាន់ចង្កូតទេ ព្រោះខ្លួនឯងផ្ទាល់មិនដឹងគោលដៅផង។ ត្រង់ចំណុចនេះ សូមក្មួយៗចៅៗចេះរៀបចំកម្មវិធីជីវិតរបស់ខ្លួនឯងមួយ ដោយកសាងសុបិនសម្រាប់អនាគតរបស់ខ្លួនដែលពោរពេញដោយភាពប្រាកដនិយម។

ចៅៗក្មួយៗអាចសរសេរ ផុសជា comment នៅទីនេះ សម្រាប់ចៅផ្ទាល់ ជាត្រីវិស័យរបស់ខ្លួន។ ការដែលចៅៗក្មួយៗមានគោលដៅជាក់លាក់ក្នុងជីវិត នោះនឹងធ្វើឱ្យទូកទាំងឡាយក្នុងសង្គមយើងអ៊ុឬចែវទៅរកវឌ្ឍនភាពពិតៗ។
នៅក្នុងជីវិតនយោបាយរបស់ខ្ញុំ ខ្ញុំបានគូសដៅទុកគ្រប់ជំហាន គ្រប់សេណារីយ៉ូ។ គំនូសផ្លូវដើរទាំងប៉ុន្មាន គ្មាននរណាអាចស្មានដឹងឡើយ សូម្បីតែអ្នកជំនិតដែលដើរជាមួយតាំងពីសម័យសង្គ្រាម ។

ប៉ុន្តែក្មួយៗចៅៗត្រូវចាំមួយថា កុំដេកសមដួល រមួលសមគ្រិច ហើយឆ្លើយថា យកមេរៀនពីរឿងរុញទូកបណ្ដោយទឹក ។ មានចំណុច២ដែលត្រូវចាំឱ្យច្បាស់៖ 
  • ចំណុចទី១ ចៅៗក្មួយៗខ្លះ អាចនៅមិនទាន់មានជីវភាពធូធារ បែរជាមិនខំរៀន និងរកស៊ីធ្វើការ អាងតែស្រែកថាខ្លួនក្រមកពីកើតពីឱពុកម្តាយក្រ រួចរុញទូកបណ្ដោយទឹកទៅ ។ 
  • ចំណុចទី២ បើទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថាឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំ ក៏ត្រូវតែធ្វើ។ ត្រង់ចំណុចនេះ សូមជនរួមជាតិ និងមិត្តអន្តរជាតិយល់ឱ្យបានច្បាស់។ ក្មួយៗ ចៅៗ អាចចងក្រងទុកជាមេរៀនជីវិតចុះ។

ប្រភព៖ Fresh News