(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ កម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពបរទេសណា បោះមូលដ្ឋានយោធានៅលើទឹកដីកម្ពុជាឡើយ ជាមួយគ្នានេះ សម្តេចបានចោទសួរថាតើកម្ពុជាមានការចាំបាច់រំលោភរដ្ឋធម្មនុញ្ញខ្លួនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជាឬទេ?
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រតិកម្មនេះ ក៏បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយថា កម្ពុជាបានអនុញ្ញាតឱ្យបរទេសប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានយោធា។
តាម Facebook របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំយ៉ាងដូច្នេះថា៖ «តើកម្ពុជាមានការចាំបាច់រំលោភរដ្ឋធម្មនុញ្ញខ្លួនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជាឬទេ? តើកម្ពុជាត្រូវការកងទ័ពបរទេសដើម្បីច្បាំងជាមួយអ្នកណា? ហើយខ្ញុំមិនត្រូវការឱ្យបរទេសមកច្បាំងគ្នានៅលើទឹកដីកម្ពុជាដូចកាលពីអតីតកាលទេ ក៏ដូចជាមិនត្រូវការឱ្យកម្ពុជាជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធឡើយ»។
សម្តេចបានបន្តថា៖ «យើងចង់ចងមិត្តជាមួយគ្រប់ប្រទេសលើសកលលោក។ កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ»។
សូមបញ្ជាក់ថា៖ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យនាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល នូវការចុះផ្សាយរបស់សារ ព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មាន Asia Times ផងដែរដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកកម្ពុជា ធ្វើជាមូលដ្ឋានយោធា។
អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ អព្យាក្រឹតអចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូចមានចែងក្នុង មាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងថែរក្សា សុខសន្តិភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការប៉ុនប៉ងទាំងឡាយដែលអូសទាញនាំឱ្យប្រទេសធ្លាក់ទៅក្នុងសង្រ្គាមជាថ្មី ដើម្បីធ្វើយ៉ាងណាបន្តការអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើនទៅមុខ ដូច្នេះហើយកម្ពុជាមិនបានចូលរួមជាមួយ សង្រ្គាមត្រជាក់ណាមួយ ឬអនុញ្ញាតឱ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើមូលដ្ឋានយោធា ដូចដែលព័ត៌មានក្លែងក្លាយទាំងនោះ បានផ្សាយចោទប្រកាន់ទេ»៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister