នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់

19/11/2018
អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខ្នះខ្នែងរក្សារដ្ឋាភិបាលចម្រុះដែលអាចឈានដល់ការបែកបាក់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហូបន្ទាប់ពី​ការលាចេញពី​តំណែង​របស់​រដ្ឋមន្ត្រីការពារជាតិ​លោកអាវីដ័រ​ លីបែរម៉ាន់ ​រដ្ឋាភិបាលចម្រុ ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ កំពុងជួបវិបត្តិ​នយោបាយធ្ងន់ធ្ងរ​។ នៅពេលនេះ​ លោកនេតាន់យ៉ាហ៊ូ​ កំពុងស្វះស្វែង​ធ្វើយ៉ាងណា​ កុំឲ្យមាន​គណបក្សសំខាន់ផ្សេងទៀត​ ដើរចេញ​ពីរដ្ឋាបាលចម្រុះ​ ដែលជា​ហេតុអាចនាំឲ្យ​គឺ មានការ​បោះឆ្នោត​សភា​មុនកាល​កំណត់​។

ជាការពិតណាស់​ ការលាចេញពីតំណែង​ ជា​រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល ​របស់​លោក​អាវីដ័រ​ លីបែរម៉ាន់​ ពិតជាអាច​ជះជា​បញ្ហាធ្ងន់ធ្ងរ​មែន​ ដល់​រដ្ឋាភិបាលចម្រុះ​អ៊ីស្រាអែល​ ដែលមាន​លោកនាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​ ជាប្រមុខដឹកនាំ​។

សូមរឭក​ថា​ លោកអាវីដ័រ​ រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល​ បានប្រកាស​ចុះចេញពី​តំណែង​កាលពីថ្ងៃទី១៣​ វិច្ឆិកា​ ដោយសារ​លោក​មិនពេញចិត្ត​ចំពោះ​បទ​ឈប់​បាញ់​រវាងអ៊ីស្រាអែល​ ជាមួយ​ក្រុមចលនា​ហាម៉ាស​។ លោកថា​ការធ្វើបែបនេះ​ វាគូសបង្ហាញ​ពី​ភាពមិនក្លាហាន​របស់​មេដឹកនាំ​ប្រទេសអ៊ីស្រាអែល​ ដែលលោក​និយាយសំដៅ​ទៅកាន់​លោកនាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​។

គេត្រូវដឹងថា​ លោកអាវីដ័រ​ លីបែរម៉ាន់​ រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល​ ជា​ប្រធានគណបក្ស​បៃតៃនូ​ (Beiteinou) ដែល​ជាបក្ស​ចូលរួម​ក្នុង​សម្ព័ន្ធ​រដ្ឋាភិបាល​ចម្រុះ​អ៊ីស្រាអែល​។ ការ​ចុះចេញពី​តំណែង​របស់លោកអាវីដ័រ​ មានន័យថា​ គណបក្ស​របស់លោក​ដ៏លែង​ចង​សម្ព័ន្ធភាព​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​របស់​លោកនាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​ ទៀតដែរ​ ហើយ​ទំនោរនេះ​ វាបាន​ធ្វើឲ្យបក្សកាន់អំណាច​របស់​លោកនេតាន់យ៉ាហ៊ូ​ មានសម្លេង​នាំមុខគេ​តិចណាស់​ គឺតែមួយអាសនៈ​ប៉ុណ្ណោះ​ នៅក្នុង​រដ្ឋសភាជាតិ​អ៊ីស្រាអែល​។

ការវិវត្តន៍​ថ្មីនេះ​ ក៏បាន​ធ្វើឲ្យក្រុម​អ្នកនយោបាយ​អ៊ីស្រាអែល​ និង​បណ្តាញសារព័ត៌មាន​ក្នុងប្រទេស ​ គិតថា​ ការបោះឆ្នោតសភា​ អាចប្រព្រឹត្តិទៅមុន​កាលកំណត់​ ពោលគឺមុន​ខែវិច្ឆិកា​ ឆ្នាំ២០១៩ ​ខាងមុខនេះ​។

ពិតប្រាកដណាស់​ នាពេលនេះ​លោកនេតាន់យ៉ាហ៊ូ​ កំពុង​ប្រឹងប្រែង​ខ្លាំងសម្បើមណាស់​ ក្នុងការ​ត្រួសត្រាយ​បញ្ហានយោបាយ​ ដែល​កំពុងមានកើតមាន​នៅក្នុងប្រទេស​ ទោះបីជា​លោកដឹងថា​មិនមានសង្ឃឹមច្រើន​យ៉ាងណា​ក៏ដោយ​។ មិនមានសង្ឃឹមច្រើន​ពីព្រោះថា​ គណបក្សផ្សេងទៀត​ដែលលោក​ចង់ចរចា​ឲ្យមាន​នៅក្នុង​រដ្ឋាភិបាលចម្រុះ​ជាមួយគ្នា ​ហាក់បង្ហាញ​ជំហរ​អវិត្តមាន​ជាមុនសា្រប់​ទៅហើយ​។

បើតាមការប្រកាស​របស់​នាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូ​ នៅថ្ងៃសុក្រ​ ទី១៦ វិច្ឆិកា​ លោកបាន​ជួបចរចាគ្នា​ ជាមួយ​មេគណបក្ស​ដែល​ជាគូប្រជែងដ៏សំខាន់មួយ​ផ្សេងទៀត​របស់លោក​ គឺលោក​ នាហ្វតាលី ប៊ែនណិត​ ដែល​សព្វថ្ងៃ​មានតួនាទី​ជា​រដ្ឋមន្រ្តី​ក្រសួងអប់រំ​។

គួរកត់សម្គាល់​ផងដែរថា​ នាពេលថ្មីៗ​កន្លងទៅនេះ​លោកនាហ្វតាលី​ ដែលជា​អ្នកមាន​និន្នាការ​ជាតិនិយមនិយមខ្លាំង​ បានគំរាម​ចាកចេញពី​រដ្ឋាភិបាលចម្រុះ​ផងដែរ​ ប្រសិនបើ​ប្រមុខរដ្ឋាភិបាល​ មិនអាច​នាំយក​លោកអាវីដ័រ​ លីបែរម៉ាន់​ មកគ្រប់គ្រង​តំណែង​ជារដ្ឋមន្ត្រី​ការពារជាតិ​វិញបាននោះ​។

សូម​បញ្ជាក់ថា​ រដ្ឋាភិបាល​ទី៣៤​របស់អ៊ីស្រាអែល​ ដែល​ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​ នាពេល​បច្ចុប្បន្ននេះ​ បាន​ប្រសូតចេញ​ពីការ​បោះឆ្នោត​កាលពីខែមីនា​ ឆ្នាំ២០១៥​។ នៅគ្រានោះ​ គណបក្ស​របស់លោក​នេតាន់យ៉ាហ៊ូ​ មិនបាន​ឈ្នះសម្លេងភាគច្រើន​ និង​អាច​បង្កើតរដ្ឋាភិបាល​តែឯងឯង​បានទេ​។ ជាលទ្ធផល​ គណបក្ស​របស់​លោកនេតាន់យ៉ាហ៊ូ​ បានចាប់ដៃគូ​ជាមួយ​គណបក្ស​៥ផ្សេងទៀត​ ដើម្បីអាច​ដឹកនាំ​រដ្ឋាភិបាលចម្រុះបាន​ ដែលក្នុងនោះ​គឺរួមមាន​គណបក្ស​របស់​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ដែលទើបនឹងលាចេញ​ពីតំណែង​ និង​គណបក្សស្តាំនិយម​របស់​រដ្ឋមន្ត្រីអប់រំ​ ដែលលោកនេតាន់យ៉ាហ៊ូ​ កំពុងបញ្ចុះបញ្ចូល​កុំឲ្យចាកចេញពី​រដ្ឋាភិបាលចម្រុះ​ នាខណៈនេះ​។

នៅក្នុង​កាលៈទេសៈ​នេះ​ គេ​នៅមិនទាន់អាច​ទាញសេចក្តីសន្និដ្ឋាន​ពិតប្រាកដណាមួយ​ឡើយ​ ជុំវិញបញ្ហា​ដែល​ប្រទេសអ៊ីស្រាអែល​ អាច​នឹងរៀបចំការបោះឆ្នោត​សភា​មុនអាណិត្តិ​ ពោល​គឺនៅមុន​ខែវិច្ឆិកា​ ឆ្នាំ២០១៩​។ ប៉ុន្តែ​គេក៏ត្រូវ​ដឹង​ដែរថា​ការខិតខំ​របស់​លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ នៅមានដង្ហើម​ចុងក្រោយ​មួយទៀតនោះ​ គឺ​បញ្ចុះបញ្ចូល​គណបក្ស​ដៃគូសំខាន់មួយទៀត​ក្នុងរដ្ឋាភិបាលចម្រុះ​ គឺគណបក្ស​កណ្តាលនិយម ​ដែល​បាន​អាសនៈ​សភា​ចំនួន​១០​ និងមាន​មេដឹកនាំ​បក្ស​ជា​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​។ ភាគីទាំងពីរ​គ្រោង​ជួបគ្នា​នៅថ្ងៃ​អាទិត្យទី​១៨ វិច្ឆិកា​នេះ​ ហើយ​ប្រសិនណាបើ​គណបក្ស​កណ្តាលនិយម​ យល់ព្រម​នៅ​បន្ត​ក្នុងការ​ចាប់ដៃគូ​ជាមួយ​ បក្សកាន់​អំណាច​របស់ស​លោកនេតាន់យ៉ាហ៊ូ​ វាមានន័យថា​ ជីវិត​របស់​រដ្ឋាភិបាលចម្រុះ​ គ្រប់គ្រង​ដោយ​លោកនេតាន់យ៉ាហ៊ូ​ អាច​នៅ​មាន​ជីវិតរស់​។

តែទោះជាយ៉ាងក្តី​ លទ្ឋផលចុងក្រោយ​ អាចនឹង​ត្រូវបាន​គេដឹងច្បាស់​ ថាតើ​លោកនេតាន់យ៉ាហ៊ូ​ អាច​រក្សាសម្ព័ន្ធ​រដ្ឋាភិបាលចម្រុះ​ និងរាំងខ្ទប់​មិនឲ្យ​មានការបោះឆ្នោត​សភាមុនអាណត្តិបាន​ គឺបន្ទាប់ពី​ជំនួប​ចរចារ​របស់​លោកនាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​ និង​តំណាងគណបក្សកណ្តាលនិយម​ បញ្ចប់ទៅ​នាថ្ងៃ​អាទិត្យនេះ​៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)