សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឱ្យ​ក្រសួងអប់រំគ្រប់គ្រងនៅឆ្នាំ២០១៩ ប៉ុន្តែសម្ដេចនៅ​បន្តឧបត្ថម្ភដដែល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឱ្យ​ក្រសួងអប់រំគ្រប់គ្រងនៅឆ្នាំ២០១៩ ប៉ុន្តែសម្ដេចនៅ​បន្តឧបត្ថម្ភដដែល

18/11/2018
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១៩ ប៉ុន្ដែសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដឧបត្ថម្ភដល់សាលានេះដដែល ដូចសព្វមួយដង។
ការប្រកាសបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​អញ្ជើញសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានាក្នុងរាជធានីភ្នំពេញ។

ព្រឹកថ្ងៃអាទិត្យ១១ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំក្រោយត្រូវផ្ទេរ១០០ភាគរយ ដូច្នេះដល់ពេលវេលាមួយដែលក្រសួងអប់រំ យុវជន និងកីឡារបស់យើង ត្រូវទទួលយកនូវការទទួលខុសត្រូវ ហើយមិនមែនគ្រាន់តែទទួលយកនូវកន្លែងនេះមួយទេ ថ្ងៃក្រោយក៏ត្រូវត្រៀមទទួលយកនូវកន្លែងផ្សេងៗទៀត»

ទន្ទឹងនឹងការផ្ទេរទៅឲ្យក្រសួងអប់រំ ជាអ្នកគ្រប់គ្រងពេញសិទ្ធិនោះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដាំផ្ញើទៅ​លោកគ្រូ អ្នកគ្រូ និងកុមារទាំងអស់ កុំមានការបារម្ភថា នៅពេលដែលមានការផ្ទេរការគ្រប់គ្រងទៅក្រោមក្រសួងអប់រំ យុវជន និងកីឡា បាត់ជំនួយឧបត្ថម្ភពីសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ពោលសម្ដេចនៅបន្ដឧបត្ថម្ភដដែល។
​បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នោះ​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបន្ដទទួលខុសត្រូវឧបត្ថម្ភដូចរាល់ដង គឺ២០លានរៀល ក្នុងមួយឆ្នាំ​ ហើយការទស្សនកិច្ចមួយឆ្នាំ២លើក នៅតែបន្ដ និង​ការផ្ដល់អង្ករ និងប្រាក់ប្រចាំខែ សម្រាប់មណ្ឌល៣នេះ បូកកុមារកំព្រាភ្នំពេញ ដូច្នេះសូមឪពុកម្ដាយ ឬអាណាព្យាបាលកុំមានការព្រួយបារម្ភ រហូតចង់យកកូនចេញពីសាលាជាដើមនោះ។

ឆ្លៀតក្នុងឱកាសនោះ​ សម្តេ​ចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការជាប់រវល់ភារកិច្ចមួយចំនួន ដែលធ្វើឱ្យសម្តេចខកខាន មកជួបកុមារពិការគថ្លង់អស់ជាច្រើនឆ្នាំ។ តែទោះជាយ៉ាងណាសម្តេចមិនដែលភ្លេចពី ការបញ្ជូនអ្នកតំណាងមកចូលរួម និងផ្តល់នូវអំណោយជាប្រចាំខែ នោះឡើយ។
ជាមួយគ្នានេះ ​​សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៅកាន់​ថ្នាក់ដឹកនាំ ក្រសួងអប់រំ ក្រសួងសង្គមកិច្ច ត្រូវត្រៀមលក្ខណៈសម្បត្តិទ្រទ្រង់ ដល់សាលាកុមារពិការគថ្លង់ និងមណ្ឌលកុមារកំព្រានានា នៅពេលដែលបរទេសលែង ជួយទ្រទ្រង់ដល់សាលា និងមណ្ឌលទាំងនោះ ហើយសម្ដេចបានប្រាប់ដល់ ថ្នាក់ដឹកនាំស្ថាប័ននានា ក៏ដូចជាលោកគ្រូ អ្នកគ្រូតាមសាលាគថ្លង់ និងមណ្ឌលកុមារកំព្រាឲ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់អប់រំផងដែរ៕


ប្រភព៖ Fresh News