(សិង្ហបុរី)៖ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong របស់សិង្ហបុរីបាននិយាយកាលពីថ្ងៃពុធកន្លងមកថា អាស៊ានបានបន្តស្ថិតនៅកន្លែងដ៏ល្អ បើទោះជាប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងស្ថិតក្រោមសម្ពាធពិតមែនក្តី ។
លោកបានឱ្យដឹងទៀតថា ប្រទេសកាន់តែច្រើនកាន់តែមានភាពឯករាជ្យ និងតភ្ជាប់ព្រោះតែបច្ចេកវិទ្យាឌីជីថល និងឧបសគ្គឆ្លងប្រទេសជាច្រើនដូចជា បម្រែបម្រូលអាកាសធាតុ និងសន្តិសុខលើប្រព័ន្ធអ៊ីនធើរណេតជាដើម ។ លោកបានបន្តថា «ប៉ុន្តែជាមួយគ្នានេះផងដែរ ពួកយើងអាចកាន់តែបែកបាក់ និងផ្តាច់ខ្លួនព្រោះតែកំណើនជាតិនិយម និងគំនិតការពារនិយម»។ ខណៈដែលជួបប្រទះនឹងទិន្នាការទាំងនេះ លោកបាននិយាយថា អាស៊ានបានបន្តស្ថិតនៅទីតាំងដ៏ល្អ និងបានបន្ថែមថា៖ «វាស្ថិតក្នុងចំណោមក្រុមប្រទេសក្នុងតំបន់ដែលមានលំនឹងភាពផ្នែកនយោបាយ និងភាពរុងរឿងផ្នែកសេដ្ឋកិច្ចខ្លាំងជាងគេលើពិភពលោក»។
លោក Lee ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចដែរ ។ លោកបានកត់សម្គាល់ទៀតថា ការចរចាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយោគយល់ក្នុងតំបន់ (RCEP) កាន់តែខិតជិតចុងបញ្ចប់នៃការចរចាហើយ ។
ទាក់ទិននឹងបដិវត្តន៍ឌីជីថលវិញ លោក Lee បាននិយាយថា អាស៊ានបានបង្កើតបណ្តាញទីក្រុងបៃតងអាស៊ានដែលមានគោលដៅធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ានកាន់តែល្អប្រសើរឡើងតាមរយៈបច្ចេកវិទ្យា និងការអនុម័តគោលការណ៍ «បង្អួចរួមអាស៊ាន» ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម ។ លោក Lee បានឱ្យដឹងទៀតថា សេដ្ឋកិច្ចឌីជីថលនៅអាស៊ានត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់200 ប៊ីលានដុល្លារនៅឆ្នាំ 2025 ៕
