ប៉ុន្មានសប្ដាហ៍មុន ដំណឹងថា Man Utd នឹងបណ្ដេញលោក Jose Mourinho ចេញ ហើយយកលោក Zidane មកជំនួសវិញនោះ បានផ្ទុះឡើង ប៉ុន្តែមិនទាន់បានក្លាយជាការពិតឡើយ។ ខណៈដែលពេលនេះវិញ កៅអីរបស់លោក Niko Kovac នៅក្លឹប Bayern Munich ឯណោះ ក្ដៅជាងកៅអីរបស់លោក Jose ទៅទៀត ហើយប្រធានក្លឹបយក្សអាល្លឺម៉ង់ក៏កំពុងស្វែងរកអ្នកចាត់ការថ្មីដែរ។
ជាមួយការស្វែងរកអ្នកចាត់ការថ្មីនេះដែរ ក្លឹប Bayern Munich បានមើលឃើញលោក Zidane ដែលកំពុងទំនេរ មិនទាន់មានការងារធ្វើ។ ក្លឹបកំពុងតែចរចាចំពោះកុងត្រាជាមួយអ្នកចាត់ការសញ្ជាតិបារាំងរូបនេះ ហើយអាចនឹងមានការប្រកាសមួយឆាប់ៗនេះ អាចនឹងខែមករា។
រំលឹកទៅវិញថា លោក Kovac ទើបមកដឹកនាំក្រុម Bayern Munich នារដូវកាលនេះ ហើយលទ្ធផលនៃការដឹកនាំក្រុមហាក់ដូចជាមិនបានល្អឡើយ។ ជាក់ស្ដែងនៅលីគ Bundesliga ដែលក្រុម Bayern Munich ធ្លាប់តែឈរកំពូលតារាងនោះ ពេលនេះកំពុងស្ថិតនៅលេខ៥ឯណោះ មានត្រឹម២០ពិន្ទុ ហើយចាញ់ក្រុមលេខ១ Dortmund ដល់ទៅ៧ពិន្ទុ៕