ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ១៥លានដុល្លារដំឡើងប្រាក់ខែដល់និវត្តជននៅឆ្នាំ២០១៩ ដើម្បីតបស្នងសងគុណចំពោះពួកគាត់ដែលចូលរួមបំរើជាតិមាតុភូមិកន្លងអោយមានលទ្ធភាពរស់នៅសមរម្យឯកឧត្តមបណ្ឌិតសភាចារ្យអូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុមានប្រសាសន៍ថា ចំពោះប្រាក់សោធននិវត្ត រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន៦០ប៊ីលានរៀលស្មើប្រមាណ១៥លានដុល្លារសម្រាប់ដំឡើងរបបសោធនប្រចាំខែទាបបំផុត និងកាត់បន្ថយគម្លាតរបបសោធធនរបស់និវត្តជន រវាងអ្នកទទួលបានរបបសោធនទាប។
និងអ្នកទទួលបានសោធនខ្ពស់ និងរវាងនិវត្តជនថ្មី និងនិវត្តជនចាស់ ជូនដល់និវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ចំពោះការបើកប្រាក់ខែជូននិវត្តជន និងធ្វើឡើងចំនួន២ដងក្នុងមួយខែចាប់ពីខែមករាឆ្នាំ២០១៩ទៅ តាមប្រពន្ធធនាគារដូចគ្នានឹងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ឯកឧត្តម តំណាងរាជរដ្ឋាភិបាលលើកឡើងបែបនេះក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៦កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកជំទាវ ឡោក ខេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភាមានប្រសាសន៍ថា មន្ត្រីចូលនិវត្តចាស់បានខិតខំចូលរួមកសាងប្រទេសជាតិតាំងពីបាតដៃទទេ ហើយបានលះបង់ទាំងកម្លាំងកាយចិត្តជូនជាតិមាតុភូមិ ។ លោកជំទាវបានពិភាក្សាបន្ថែមជាមួយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដើម្បីធ្វើច្បាប់សោធននិវត្តន៍នៅពេលខាងមុខនេះ។
លោកប៉ាល សុង អតីតិមន្ត្រីរាជការក្រសួងព័ត៌មាន និងជានិវត្តជនម្នាក់បានគាំទ្រ រាជរដ្ឋាភិបាលដែលបាន យកចិត្តទុកដាក់ចំពោះនិវត្តជនដែលបានចូលនិវត្តន៍ជាតាមរយៈការដំឡើងរបបសោធនប្រចាំខែ ខណៈបច្ចុប្បន្ននេះលោកទទួលបានតែជាង៥០ម៉ឺនរៀលក្នុងមូយខែប៉ុណ្ណោះ មិនអាចផ្គត់ផ្គង់ជីវភាពគ្រប់គ្រាន់ទេ ដោយបង្ខំចិត្តធ្វើការងារបន្ថែមទៀតទើបអាចដោះស្រាយជីវភាពបានសមរម្យ៕
