តំបន់ធម្មជាតិ៖ តំបន់ព្រៃ វាលស្មៅ និងសមុទ្រដែលមនុស្សមិនអាចចូលបំផ្លិចបំផ្លាញ បច្ចុប្បន្នមាននៅសេសសល់តិចតួច និងរួញតូច ខណៈក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាមានប្រហែល៧០ភាគរយនៃទីតាំងធម្មជាតិនោះដែលនៅសេសសល់នៅលើពិភពលោក ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចំនួន៥ រួមមានរុស្ស៊ី កាណាដា អាមេរិក អូស្ត្រាលី និងប្រេស៊ីល។
ក្រុមអ្នកស្រាវជ្រាវផ្នែកជីវសាស្ត្រពីមហាវិទ្យាល័យគ្វីនលែន ប្រទេសអូស្ត្រាលី និងសមាគមអភិរក្សសត្វព្រៃ(WCS)រកឃើញថាមានជាង៧៧ភាគរយនៃផែនដី និង៨៧ភាគរយនៃសមុទ្រទទួលការបំផ្លាញពីមនុស្សធ្វើឲ្យមានបម្រែបម្រួលពីអាកាសធាតុ ។ មានន័យថានៅលើផែនដីមានតំបន់ធម្មជាតិនៅលើគោកដែលមនុស្សមិនបានចូលទៅដល់មានប្រហែល២៣ភាគរយ ។
ចំណែកតំបន់ធម្មជាតិខ្នាតធំ និងសំខាន់មាន៥កន្លែងជាង៧០ភាគរយដែលនៅសេសសល់ រួមមានតំបន់Arctic Tundra នៅអាឡាស្កា សហរដ្ឋអាមេរិក និងស៊ីបេរី ប្រទេសរុស្ស៊ី ព្រៃ«Boreal» ឬព្រៃនៅភាគខាងជើងប្រទេសកាណាដា តំបន់ត្រីកោណនៃទន្លេOkavango Deltaនៅបុតស្វាណា និងវាលខ្សាច់ប្រទេសអូស្ត្រាលី ។
លោកJames Watson នាយកមជ្ឈមណ្ឌលស្រាវជ្រាវពីជីវសាស្ត្របញ្ជាក់ថា ៥ប្រទេសជាម្ចាស់តំបន់ធម្មជាតិដែលនៅសេសសល់នេះ ត្រូវមានតួនាទីសំខាន់ក្នុងថ្ងៃអនាគត ដោយការពារវត្ថុមានជីវិត និងសត្វនៅក្នុងអាណាចក្រឲ្យបានល្អ ៕