ឯកអគ្គរដ្ឋទូតអាមេរិក ​ស្នើឱ្យរដ្ឋាភិបាលអាមេរិក ពិចារណាលុបចោលទណ្ឌកម្មទិដ្ឋាការ ពីមន្ដ្រីរដ្ឋាភិបាលកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឯកអគ្គរដ្ឋទូតអាមេរិក ​ស្នើឱ្យរដ្ឋាភិបាលអាមេរិក ពិចារណាលុបចោលទណ្ឌកម្មទិដ្ឋាការ ពីមន្ដ្រីរដ្ឋាភិបាលកម្ពុជា

14/11/2018
(ភ្នំពេញ)៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ដែលបញ្ចប់អាណត្តិនៅកម្ពុជា បានអះអាងថា ក្នុងនាមផ្ទាល់ខ្លួនលោកបានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណាក្នុងលុបចោលទណ្ឌកម្មទិដ្ឋាការ (Visa) ពីមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឡើងវិញ។
ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ លោក William A. Heidt បានធ្វើឡើងក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ នេះបើតាមការអះអាងរបស់ លោក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រោយបញ្ចប់ជំនួបនេះ។
លោក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា ​«ក្នុងនាមឯកឧត្តម (William A. Heidt ) ផ្ទាល់ខ្លួនបានស្នើយោបល់ គួរឱ្យសហរដ្ឋអាមេរិក ពិនិត្យលទ្ធភាពសម្រួល ឬដកចេញនូវទណ្ឌកម្ម Visa ដែលបានដាក់​មកលើមន្ដ្រីរបស់កម្ពុជាមួយចំនួន។ ទោះបីជាមកដល់ពេលនេះ ឯកឧត្តមមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណា ពីខាងអន្ដោប្រវេសន៍សហរដ្ឋអាមេរិក ប៉ុន្ដែឯកឧត្តម នឹងបន្ដយកបញ្ហានេះទៅជជែកជាមួយសហរដ្ឋអាមេរិកទៀត នៅពេលឯកឧត្តមទៅកាន់សហរដ្ឋអាមេរិកវិញ»

ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការអរគុណចំពោះ ឯកអគ្គរាជទូត ដែលបានស្នើឱ្យមានពិចារណា ដើម្បីដកការដាក់ទណ្ឌកម្មនេះ ហើយប្រសិនបើអាមេរិកលុបចោលនូវបំរាមនោះបាន សម្ដេចចាត់ទុកថា នេះជាការផ្ដល់កាដូមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់នូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងវិញ។
សូមរំលឹកថា៖ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ សហរដ្ឋអាមេរិក បានប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជាវិញផងដែរ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មនេះ។
ទោះបីជាយ៉ាងនេះក្តី កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយឈរលើគោលការណ៍មនុស្សធម៌ និងធ្វើឡើងតាមសំណើរបស់ សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជាវិញផងដែរ៕


ប្រភព៖ Fresh News