ការរំលឹកខួប៤២ឆ្នាំ នៃការស្លាប់កូនប្រុសដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ឈ្មោះ ហ៊ុន កំសត់ «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន»! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការរំលឹកខួប៤២ឆ្នាំ នៃការស្លាប់កូនប្រុសដំបូងរបស់សម្តេចតេជោ ហ៊ុន សែន ឈ្មោះ ហ៊ុន កំសត់ «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន»!

10/11/2018
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាខួប ៤២ឆ្នាំហើយនៃការស្លាប់របស់កូនប្រុសដំបូងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺទារក ហ៊ុន កំសត់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន តែងតែរំលឹកពីប្រវត្តិនៃការឈឺចាប់ឥតគណនាមួយនេះ ជាពិសេសភាពសោកសៅក្នុងនាមជាឪពុក សូម្បីតែសិទ្ធិនៅជិតប្រពន្ធដែលកំពុងឈឺចាប់ដោយសារបាត់បង់កូន និងសិទ្ធិជាឪពុកយកសពកូនទៅកប់ក៏មិនបានផងដែរ។ សម្តេចតេជោ បានលើកឡើងថា ក្នុងរបបអាវខ្មៅបនប្រល័យពូជសាសន៍ សម្តេចមានសិទ្ធិមិនដល់សត្វឆ្កែ ព្រោះឆ្កែដែលខាំសម្តេចវាមានសិទ្ធិការពារកូនរបស់វា តែសម្តេចបែជាគ្មានសិទ្ធិទៅវិញ។
ខាងក្រោមគឺជាការរៀបរាប់បង្ហាញទំហំនៃការឈឺចាប់ដោយសារតែបាត់បង់កូនប្រុសដំបូង របស់សម្តេចតេជោ ហ៊ុន សែន៖

«ការឈឺចាប់ដែលមិនអាចបំភ្លេចបាន»!

ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្ម ដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុក និងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង ‌‌«អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែបានធ្វើឡើង ក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ធកូន និងការឈឺចាប់នាពេលនោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃ ត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នង ធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិ ក្តុល ឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំង នៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯង ដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេស មានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ធិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំ ឱ្យពុកបានធ្វើដំណើរជាមួយ មេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។
ភាពតក់ស្លុតបានកើតឡើង ចំពោះរូបពុកនៅពេលដែល ពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែល សម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា «រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ»។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូន កំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយ ដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថា កូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។

ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួល ការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង «កម្មសិទ្ធិមនោសញ្ចេតនាក្រាស់» «មិត្តឯងមិនមែនគ្រូពេទ្យទេ» «បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ» «មានពេទ្យយកខ្មោចកូននេះ ទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ» «ការងារអង្គការសំខាន់ជាងការងារបុគ្គល» ។ល។
ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេស ចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុក ដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូន ដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា «កំសត់»។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។

ពួកគេបង្ខំឱ្យពុកចាកចេញ ពីម្តាយកូន និងខ្មោចកូនទាំងការឈឺចាប់ជាមួយ ទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុក បានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មី ដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា «សល់សុក»។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យ ដើម្បីឱ្យឆ្មបបូរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពី មន្ទីរពេទ្យទៅព្យាបាលតាមបែបបូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូន នៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែ បានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ១៩៨០មក។
រៀងរាល់ពេលដែលពុកនឹក ដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើស ពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជា រាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។

កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister